លោកស្រី គូឡាយ៉ា តានទីតេមីត (Kulaya Tantitemit) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងប្រាក់ចំណូលបាននិយាយថា ច្បាប់ស្ដីពីពន្ធលើប្រាក់ចំណូលបច្ចុប្បន្នបានតម្រូវឱ្យបុគ្គលដែលរស់នៅក្នុងប្រទេសថៃ លើសពី១៨០ថ្ងៃក្នុង១ឆ្នាំ ត្រូវបង់ពន្ធឱ្យប្រទេសថៃ ប្រសិនបើពួកគេបានទទួលប្រាក់ចំណូលមកពីបរទេស ហើយទោះបីជាប្រាក់ចំណូលនោះមិនចូលក្នុងប្រទេសថៃ ក៏ដោយ ក៏តម្រូវឱ្យបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនទៅនាយកដ្ឋាននេះជាកំហិតផងដែរ។
ប៉ុន្តែលោកស្រី គូឡាយ៉ា បាននិយាយថា ពេលនេះនាយកដ្ឋានគ្រប់គ្រងប្រាក់ចំណូលកំពុងធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ ដោយប្រើគោលការណ៍ប្រាក់ចំណូលទូទាំងពិភពលោក ដោយត្រូវយកពន្ធផ្អែកលើការស្នាក់នៅរបស់បុគ្គលក្នុងប្រទេសនីមួយៗដោយមិនគិតថា តើប្រាក់ចំណូលទាំងនោះបានមកពីប្រភពក្នុងស្រុក ឬបរទេសនោះឡើយ។
លោកស្រី គូឡាយ៉ា បាននិយាយថា នាយកដ្ឋាននេះគ្រោងនឹងពង្រីកមូលដ្ឋានពន្ធដោយតម្រូវឱ្យមានកម្មវិធីមួយចំនួន ដែលមានប្រាក់ចំណូលចាប់ពីជាង ២៧លានដុល្លារឡើងទៅ គឺត្រូវតែរាយការណ៍ពីប្រភពចំណូលរបស់ពួកគេ ហើយនាយកដ្ឋាននេះនឹងប្រើប្រាស់ព័ត៌មាននេះដើម្បីផ្ទៀងផ្ទាត់ការអនុវត្តតាមច្បាប់ពន្ធរបស់ពួកគេ។
កាលពីមុន នាយកដ្ឋានគ្រប់គ្រងប្រាក់ចំណូលនេះ បានកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ពន្ធលើការស្នាក់នៅដោយតម្រូវឱ្យបុគ្គលដែលរស់នៅក្នុងប្រទេសថៃយ៉ាងតិច១៨០ថ្ងៃនៅក្នុងមួយឆ្នាំ និងមានប្រាក់ចំណូលពីបរទេសត្រូវតែបង់ពន្ធប្រាក់ចំណូលផ្ទាល់ខ្លួន ប្រសិនបើប្រាក់ចំណូលនោះត្រូវបាននាំចូលក្នុងប្រទេសថៃនៅក្នុងឆ្នាំ ដែលពួកគេទទួលបានចំណូលនោះ។
ប៉ុន្តែឥឡូវច្បាប់នេះ ត្រូវបានកែប្រែដែលនឹងចូលជាធរមានចាប់ពីឆ្នាំ២០២៤នេះទៅ ដោយតម្រូវឱ្យបង់ពន្ធលើប្រាក់ចំណូលបរទេសដោយមិនគិតខ្វល់ពីពេលវេលាដែលវាបានហូរចូលទៅក្នុងប្រទេសនេះឡើយ៕
អត្ថបទ៖ សុខ មង្គល