Advertisement
ដំឡូងមី​ចុះ​ថោក

ដំណោះ​ស្រាយ​៣​ចំណុច បន្ទាន់​ចំពោះ​បញ្ហា​ដំឡូង​មី​ធ្លាក់​ថ្លៃ


បច្ចុប្បន្ន​នេះ ដំឡូង​មី​១​តោន​លក់​បាន​តម្លៃ​១១០​ដុល្លារ ខណៈ​ដែល​ឆ្នាំ​ទៅ​មិញ​១​តោន​មាន​តម្លៃ​១៧០​ដុល្លារ។ នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ តម្លៃ​ដំឡូង​មី​បាន​ធ្លាក់​ចុះ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ដោយសារ​ដំឡូង​មី​ស្រស់ លក់​បាន​ក្នុង​១​គីឡូក្រាម​តម្លៃ​១០០​រៀល។
កសិករ​ដាំ​ដំឡូង​មី​ជួប​បញ្ហា​ធំ​ដោយសារ​តែ​តម្លៃ​ដំឡូងមី​ស្រស់​ចុះ​ថោក​ខ្លាំង។ រូបភាព៖ Facebook
ដោយ
Advertisement

តម្លៃ​នេះ ត្រូវ​បាន​កសិករ​អះអាង​ថា​ជា​តម្លៃ​ដែល​ថោក​បំផុត​មិន​អាច​ទទួល​យក​បាន។ ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម​សន្យា​ជាមួយ​អ្នកកាសែត​ថា នឹង​រក​ដំណោះស្រាយ ខណៈ​ដែល​កសិករ​នៅ​តំបន់​ខ្លះ​មិន​ព្រម​ដក​ដំឡូង​លក់​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍ កសិ​ឧស្សាហកម្ម បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បន្ទាន់​ចំពោះ​បញ្ហា​នេះ។

ក្នុង​កិច្ច​សម្ភាសន៍​​មួយ​ជាមួយ​សារព័ត៌មាន ខេមបូណូមីស ជាមួយ​អ្នក​ជំនាញ​ផ្នែក​សិក្សា​សា្រវជ្រាវ ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​សកលវិទ្យាល័យ Kyung Hee University ប្រទេស​កូរ៉េ និង ជា​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​អភិវឌ្ឍន៍​ថាមពល​បៃតង​កម្ពុជា លោក ខាន់ ចន្ធី ផ្តល់​គំនិត​ថា រដ្ឋាភិបាល​ត្រូវ​ចេញ​មុខ​ប្រញាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​ដំឡូង​មី​ចុះ​ថោក​នេះ ព្រោះ​ថា បើ​មិន​ជួយ​ទេ នឹង​អាច​កើត​វិបត្តិ​សង្គម​និង​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​កសិករ​ចំពោះ​របរ​កសិកម្ម​ទៀត​ផង។

Advertisement

លោក ខាន់ ចន្ធី បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ដោះ​ស្រាយ​បន្ទាន់​ចំនួន​៣​ចំណុច​សំខាន់ៗ​រួម​មាន៖

  1. រដ្ឋាភិបាល​គួរ​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​​ផ្ទៃ​ដី​ដាំដុះ និង​បរិមាណ​នៃ​ការ​ផលិត​ដំឡូង​មី ទូទាំង​ប្រទេស ដើម្បី​ឲ្យ​ដឹង​ថា ដំឡូង​កសិករ​ធ្វើ​បាន​ប៉ុន្មាន? នៅ​សល់​ប៉ុន្មាន? ងាយ​ស្រួល​ដោះស្រាយ​និង​ចាត់ចែង។
  2. បើក​ចំហ ផ្សព្វផ្សាយ​ឲ្យ​កសិករ​ដឹង​ពី​ទំហំ​នៃ​ផលិតផល​ដែល​លើស។  ដើម្បី​ឲ្យ​ពលរដ្ឋ​គិត បែងចែក​ដី​ខ្លះ​មក​ដាំ​ដំណាំ​ផ្សេង ដែល​សំខាន់ៗ​សម្រាប់​ទប់ទល់​ពេល​ដែល​ដាំ​ដំឡូង​ឡុងចុង។ កសិករ​ក៏​អាច មើល​ឱកាស​ដាំ​ដំណាំ​មិន​ទាន់​មាន​ដាំ ដូចជា កប្បាស កាកាវ កាហ្វេ ក្រចៅ ធ្មៃ ឫស្សី​បៃតង កាស្យា អាល់ម៉ុង និង​ឈើ​ហូប​ផ្លែ ល្អៗ​ផ្សេងៗ​ទៀត។
  3. រាជ​រដ្ឋាភិបាល​គួរ​បញ្ចេញ​កញ្ចប់​ថវិកា​ដើម្បី​ទិញ​​ស្តុក​ទុក ឬ​កែ​ច្នៃ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​ប្រទេស​ដែល​នាំ​ចូល​ដំឡូងមី ទ្រង់​ទ្រាយ​ធំៗ​លើ​ពិភព​លោក។ យុទ្ធសាស្ត្រ​នេះ សំខាន់​ គឺ​ជួយ​ទិញ​សង្គ្រោះ​កសិករ​សិន ដូច​ដែល​ធ្វើ​លើ​ស្រូវ​នា​ពេល​កន្លង​ទៅ ហើយ​សឹម​រក​យុទ្ធសាស្ត្រ​ដោះ​ស្រាយ​រយៈពេល​វែង​ជា​បន្ត​ទៀត។

Advertisement

សព្វ​ថ្ងៃ កសិករ​ដាំ​ដំឡូង​មី​ត្រូវ​ពឹង​ផ្អែក​សំខាន់​លើ​ឈ្មួញ​កណ្តាល​មក​ពី​ប្រទេស​ថៃ​និង​វៀតណាម ដែល​មក​ទិញ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ចិន។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​ដំឡូងមី​បាន​ចំនួន​ជាង ៤​លាន​តោន ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង ៤៤៧​លាន​ដុល្លារ​អាមេរិក។ 

ដោយ​ឡែក ឆ្នាំ​២០១៦ មិន​ទាន់​ត្រូវ​បាន​បង្ហាញ​តួលេខ​នេះ​ចេញ​ឲ្យ​ដឹង​នោះ​ទេ។ តាម​ការព្យាករ​របស់​មន្ត្រី​ជំនាញ ផល​ដំឡូង​ឆ្នាំ​នេះ បានផល​ល្អ​គួរសម ព្រោះ​តែ​អាកាស​ធាតុ​អំណោយ​ផល ប៉ុន្តែ​គេ​មិន​ទាន់​ប៉ាន់​ស្មាន​ពី​ទិន្នផល​សរុប​នៅ​ឡើយ​ទេ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​វៀតណាម​ដោះស្រាយ​​បញ្ហា​និស្សិត​គ្មាន​ការងារធ្វើ​យ៉ាងដូចម្ដេច?

ព័ត៌មាន
ប្រទេស​វៀតណាម​កំពុង​ប្រឈម​នឹង​បញ្ហា​និស្សិត​កាន់​តែ​ច្រើន​ឡើង ដែល​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ​នានា ហើយ​គ្មា...

ឧកញ៉ា លី យ៉ុងផាត់ ជាអ្នកណា? មាន​ក្រុមហ៊ុន​ប៉ុន្មាន?

ព័ត៌មាន
បើ​និយាយ​ពី​ឈ្មោះ លី យ៉ុងផាត់ លោកអ្នក​នាង​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឮ​ល្បី​រហ័ស​នាម​ដែល​កាសែត​បរទេស​ធំៗ​ដាក់​ឲ្យ​លោក ថា ជា​«ស្ដេចកោះកុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ