
លោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) បានលើកឡើងនៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃ កំពុងពិភាក្សាជាមួយប្រទេសឥណ្ឌា និងវៀតណាម ដើម្បីកាត់បន្ថយការប្រកួតប្រជែង ដោយសង្ឃឹមថា នឹងជួយបង្កើតតុល្យភាពតម្លៃស្រូវអង្ករនៅក្នុងទីផ្សារពិភពលោក និងជួយកសិករឱ្យទទួលបានប្រាក់ចំណូលមានស្ថិរភាព។ លោកបានអះអាងថា ប្រទេសទាំង៣ បានពិភាក្សាគ្នារួចហើយ ប៉ុន្តែពេលនេះពួកគេកំពុងរង់ចាំកិច្ចប្រជុំមួយទៀត ដើម្បីពិនិត្យមើលថា តើពួកគេអាចធ្វើបានក្នុងកម្រិតណាពាក់ព័ន្ធបញ្ហានេះ។
បើយោងតាមក្រសួងពាណិជ្ជកម្មថៃ តម្លៃស្រូវក្នុងប្រទេសថៃ បានធ្លាក់ចុះ៣០% កាលពីខែកុម្ភៈបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្លាក់ចុះជាមធ្យមតម្លៃមកនៅត្រឹមប្រមាណ២៥៥ដុល្លារ ក្នុង១តោន ខណៈប្រជាកសិករថៃ ស្នើឱ្យរដ្ឋាភិបាលជួយលក់ស្រូវឱ្យបានតម្លៃខ្ពស់ជាងនេះ។
ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំជាងគេបំផុតទី២ នៅលើពិភពលោក ទំនងជានឹងរងផលប៉ះពាល់ខ្លាំង ដោយសារការបើកឱ្យនាំចេញអង្ករឡើងវិញរបស់ប្រទេសឥណ្ឌា ដោយក្រសួងពាណិជ្ជកម្មថៃ រំពឹងថា ការនាំចេញអង្កររបស់ថៃ នឹងធ្លាក់ចុះ២៤% នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុនដោយធ្លាក់ចុះមកនៅត្រឹម៧,៥លានតោនតែប៉ុណ្ណោះ។ សូមរំលឹកថា កាលពីឆ្នាំមុនប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញអង្ករច្រើនជាងគេបំផុតទី៣នៅលើពិភពលោក៕
អត្ថបទ៖ សុខ មង្គល