ថៃ គ្រោងរំលាយសភា ហ

លោក អនុទីន ឆានវីរៈគុល ត្រៀមគោលនយោបាយសំខាន់ៗចំនួន៤ និងគ្រោងរំលាយសភាបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ


នាយករដ្ឋមន្ត្រីទី៣២របស់ថៃ លោក អនុទីន ឆានវីរៈគុល បានត្រៀមសេចក្តីព្រាងគោលនយោបាយសំខាន់ៗមួយចំនួនសម្រាប់ដាក់ជូនរដ្ឋសភាថៃរួចហើយ ដើម្បីដោះស្រាយបញ្ហាអាទិភាពសំខាន់ៗចំនួន៤ រួមមានបញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខ បញ្ហាគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ហាសង្គម ហើយក៏បានត្រៀមរំលាយសភានៅខែមករា ដើមឆ្នាំ២០២៦ ដើម្បីរៀបចំការបោះឆ្នោតឡើងវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
ថៃ គ្រោងរំលាយសភា ហ
ដោយ

នាយករដ្ឋមន្ត្រីថៃ ទើបឡើងកាន់អំណាចលោក អនុទីន ឆានវីរៈគុល បានបង្ហាញសេចក្ដីព្រាងគោលនយោបាយសំខាន់ៗចំនួន៤ ហើយត្រៀមរំលាយសភានៅខែមករា ដើមឆ្នាំ២០២៦ ដើម្បីរៀបចំការបោះឆ្នោតឡើងវិញដែលអាចធ្វើនៅខែមីនា ឬខែមេសា ឆ្នាំ២០២៦។

លោក អនុទីន ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងបានពន្យល់ថា គណៈរដ្ឋមន្ត្រីរបស់លោកបានអនុម័តលើសេចក្តីព្រាងគោលនយោបាយរបស់រដ្ឋាភិបាលរួចហើយ ហើយគោលនយោបាយដែលកំណត់ទិសដៅសម្រាប់ការគ្រប់គ្រងប្រទេសថៃ ក្នុងរយៈពេលកំណត់មុននឹងឈានដល់ការរំលាយសភាចោលនេះ បានផ្តោតលើការដោះស្រាយបញ្ហាសំខាន់ៗចំនួន៤ រួមមាន បញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខ បញ្ហាគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ហាសង្គម។

ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច រដ្ឋាភិបាលរបស់លោកនឹងកាត់បន្ថយថ្លៃចំណាយជីវភាពរស់នៅរបស់ពលរដ្ឋតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជា កម្មវីធីរដ្ឋជួយចេញពាក់កណ្ដាលសម្រាប់ថ្លៃទំនិញ និងសេវាកម្ម រួមជាមួយនឹងការបញ្ចុះថ្លៃដឹកជញ្ជូន ថ្លៃភ័ស្ដុភារកម្ម និងថ្លៃថាមពលជាដើម។ លើសពីនេះ រដ្ឋាភិបាលរបស់លោកនឹងលើកកម្ពស់ការប្រើប្រាស់ថាមពលជំនួសកាន់តែច្រើន ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលផងដែរ។

រីឯបញ្ហាសន្តិសុខ រដ្ឋាភិបាលថ្មីនេះ បានគូសបញ្ជាក់ថា ក្នុងករណីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងបន្តកើតមានរដ្ឋាភិបាលថៃនឹងអនុម័តវិធីសាស្រ្តដែលមានមុខព្រួញពីរ ដោយរួមបញ្ចូលគ្នានូវវិធានការការទូតជាមួយយុទ្ធសាស្ត្រយោធា ដើម្បីការពារដែនអធិបតេយ្យភាពរបស់ប្រទេសថៃ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋថៃ។

ចំណែកពាក់ព័ន្ធបញ្ហាការគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋាភិបាលរបស់លោកមានគោលដៅធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបគ្រោះធម្មជាតិ តាមរយៈការពន្លឿនការបង្កើតប្រព័ន្ធព្រមានជាមុន និងវិធានការបង្ការ។ ជាងនេះទៅទៀត អាជ្ញាធរថៃ នឹងសម្រួលបទប្បញ្ញត្តិ និងពិធីសារនានា ដើម្បីធានាបាននូវជំនួយរហ័ស និងមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ ទន្ទឹមនឹងការរឹតបន្តឹងវិធានការទប់ស្កាត់អំពើពុករលួយ ឬ ការប្រព្រឹត្តខុសលើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

ដោយឡែកជុំវិញបញ្ហាសង្គម រដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការក្ដៅប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ល្បែងអនឡាញ និងបណ្តាញឆបោកទ្រង់ទ្រាយធំដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិថៃ។ លើសពីនេះ រដ្ឋាភិបាលរបស់លោកនឹងចាប់មន្ត្រីសាធារណៈ ដែលជាប់ពាក់ព័ន្ធឱ្យទទួលខុសត្រូវតាមរយៈការអនុវត្តវិធានការដាក់វិន័យយ៉ាងតឹងរ៉ឹង និងចំណាត់ការផ្លូវច្បាប់រួមទាំងការព្យួរពីមុខតំណែងភ្លាមៗ និងការផ្ដន្ទាទោសព្រហ្មទណ្ឌផងដែរ។

លោក អនុទីន ឆានវីរៈគុល បានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកបានបញ្ជាក់ហើយថា ខ្លួនមិនគាំទ្រល្បែងស៊ីសងគ្រប់ទម្រង់ រួមទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញផងដែរ។ លើសពីនេះ រដ្ឋាភិបាលរបស់លោកបានប្តេជ្ញាដោះស្រាយបញ្ហាទំនិញកសិផលចុះថោក ជាពិសេសតម្លៃស្រូវ ដំឡូងមី និងដំណាំផ្សេងៗទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិនបានសម្រេចបោះបង់ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍នៅអង្គការពាណិជ្ជកម្មពិភពលោក

ចិនហាក់កំពុងផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ដោយបានសម្រេចបោះបង់សិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍នៅអង្គកា…

ភ្ញៀវទេសចរជាង២លាននាក់ ដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈសៀមរាប និងបាត់ដំបង ជាគោលដៅទាក់ទាញជាងគេ

ពលរដ្ឋខ្មែរតែងតែឆ្លៀតពេលធ្វើដំណើរកម្សាន្តជួបជុំសាច់ញាតិទៅកាន់ខេត្តគោលដៅទេសចរណ៍នានារៀងរាល់ឱកាសឈប់សម្រាកនៃពិធីបុណ្យទានម្ដងៗ ជាក់ស្តែងនៅក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ