រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោកស្រី ណារូមុន ពីនយ៉ូស៊ីនវ៉ាត់ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កសិករថៃ នឹងទទួលបានលុយជំនួយពីរដ្ឋប្រមាណ៣០ដុល្លារអាម៉េរិកក្នុងទំហំដីស្រែចាប់ពី១រ៉ៃ ដែលស្មើនឹង១៦អា រហូតដល់១០រ៉ៃ ឬស្មើនឹង១,៦ហិកតា។ បើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីរូបនេះ ពលរដ្ឋថៃជិត៤,៧លានគ្រួសារនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីផ្ដល់ជំនួយដល់កសិរដាំដុះស្រូវនេះ។
លោកស្រី ណារូមុន ពីនយ៉ូស៊ីនវ៉ាត់ បានថ្លែងថា សំណើសុំផ្ដល់ជំនួយដល់កសិករដាំដុះស្រូវនេះនឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីថៃ ក្នុងកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ សប្ដាហ៍នេះ។ ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី២របស់ពិភពលោក នាំចេញអង្ករបានជាង៨លានតោនក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៤ ដោយកើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងនេះបាននព្យាករថា ការនាំចេញអង្កររបស់ថៃ អាចនឹងសម្រេចបានក្នុងទំហំសរុបជាង៩លានតោននៅពេញមួយឆ្នាំ២០២៤ ដោយអាចរកចំណូលបានប្រមាណជាង៦,៣ពាន់លានដុល្លារអាម៉េរិក។
យោងតាមការសិក្សាស្រាវជ្រាវរបស់ធនាគារក្រុងស្រ៊ី (Krungsri) របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញថា ទិន្នផលស្រូវសរុបត្រូវបានព្យាករថា នឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០២៥ និង២០២៦ ដោយសារការប្រែប្រួលនៃបាតុភូតអាកាសធាតុ La Niña ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលនឹងជំរុញឱ្យមានភ្លៀងធ្លាក់ច្រើន។ ទន្ទឹមនេះ ការឡើងថ្លៃស្រូវអង្ករ ក៏នឹងធ្វើឱ្យកសិករមានទឹកចិត្តពង្រីកផ្ទៃដីក្នុងការដាំដុះរបស់ខ្លួនផងដែរ។
ការសិក្សាស្រាវជ្រាវដដែលនេះបានបង្ហាញទៀតថា ការដាំដុះស្រូវគ្របដណ្តប់រហូតដល់ទៅជាង៤៩%នៃដីកសិកម្មក្នុងប្រទេសថៃ ហើយពលរដ្ឋរហូតដល់ទៅជាង៥លានគ្រួសារជាអ្នកធ្វើស្រែ ដែលស្មើនឹងជាង៦៧% នៃវិស័យកសិកម្មទាំងមូលរបស់ថៃ។ សូមបញ្ជាក់ថា ស្រូវជាដំណាំដ៏សំខាន់បំផុតរបស់ប្រទេសថៃ និងជាកសិផលកំពូលសម្រាប់ការនាំចេញ៕
ដោយ: តែម សុខុម