ពាណិជ្ជកម្ម សេដ្ឋកិច្ច

តើថៃសន្យាជួយឡាវអ្វីខ្លះពេលលោក ស្រ៊ីថា ទៅបំពេញទស្សនៈកិច្ចនៅប្រទេសនេះ?


នៅចំពោះមុខថ្នាក់ដឹកនាំប្រទេសឡាវ លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បានសន្យាថា ថៃនឹងប្តេជ្ញាជួយប្រែក្លាយឡាវទៅជាប្រទេស ដែលមានទំនាក់ទំនងនឹងប្រទេសដ៏ទៃតាមរយៈគម្រោងវិនិយោគធំៗ ដើម្បីពង្រីកការតភ្ជាប់នៅក្នុងតំបន់។ ក្រៅពីសន្យាផ្តល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថៃក៏បានប្តេជ្ញាជួយបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយឡាវឲ្យដល់កម្រិតទឹកប្រាក់១១ពាន់លានដុល្លារផងដែរ។
ពាណិជ្ជកម្ម សេដ្ឋកិច្ច
ដោយ

លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បានសន្យាជាមួយនឹងសមភាគីឡាវ ជាច្រើនគម្រោងនៅក្នុងអំឡុងពេល លោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ កាលពីពេលថ្មីៗ។ ក្នុងនោះថៃសន្យាជួយប្រទេសជិតខាងមួយនេះឱ្យក្លាយជាប្រទេស ដែលមានការតភ្ជាប់ដ៏ទូលំទូលាយ តាមរយៈកិច្ចសន្យាផ្តល់កម្ចីសម្បទានដល់ឡាវ សម្រាប់ការសាងសង់ស្ពានរថភ្លើងឆ្លងកាត់ទន្លេមេគង្គ ដើម្បីជួយសម្រួលកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ បន្ថែមលើនេះថៃសន្យារួមគ្នាអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មជាមួយឡាវ និងបង្កើនតម្លៃពាណិជ្ជកម្មទ្វេភាគីឱ្យដល់១១ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។

លោក ឆៃ វាត់ចារ៉ុង (Chai Watcharong)អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយបន្ទាប់ពីជំនួបទ្វេរភាគីរវាងថ្នាក់ដឹកនាំថៃ និងឡាវ នៅទីក្រុងវៀងចន្ទថា ភាគីទាំងពីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ថៃ និងក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានធ្វើជាសក្ខីភាពនៃការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយលើគ្នា ស្តីពីជំនួយបច្ចេកទេសសម្រាប់ប្រទេសឡាវ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែករបស់ខ្លួន ដោយរួមទាំងកម្មវិធីបច្ចេកទេសលើការបើកបរក្បាលរថភ្លើង និងប្រព័ន្ធលក់សំបុត្រ ក៏ដូចជាការអភិវឌ្ឍន៍គំរូអាជីវកម្មលើប្រព័ន្ធផ្លូវដែកជាតិរបស់ប្រទេសឡាវជាដើម។

បើតាមអ្នកនាំពាក្យរូបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាលើបញ្ហា រួមគ្នាបង្កើត និងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មរវាងប្រទេសឡាវ និងភាគឦសានរបស់ប្រទេសថៃ ដើម្បីសម្រេចបានពាណិជ្ជកម្មទ្វេភាគីឱ្យដល់ទំហំ១១ពាន់លានដុល្លារនៅឆ្នាំ២០២៥។

យ៉ាងណាមិញថៃ បានស្នើឱ្យមានការពិភាក្សាទ្វេភាគីលើស្ពានផ្លូវដែក ដែលតភ្ជាប់ទីក្រុងណងខៃជាមួយទីក្រុងវៀងចន្ទ ដោយថៃបានសន្យាផ្តល់ប្រាក់កម្ចីសម្បទានដល់ភាគីឡាវ រួមទាំងការពន្លឿនសេចក្តីព្រាងក្របខ័ណ្ឌសម្រាប់ការរៀបចំបច្ចេកទេសក្នុងការសាងសង់ផ្លូវរថភ្លើងទេសចរណ៍រវាងទីក្រុងណងខៃ និងវៀងចន្ទនៅឆ្នាំក្រោយ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ក្នុងការកសាងស្ពានមិត្តភាពទីប្រាំមួយពីអ៊ូប៊ុន រ៉ាចាថានី ( Ubon Ratchathani) ទៅ សាឡាវ៉ាន់ (Salavan)ក្នុងប្រទេសឡាវផងដែរ។ លើសពីនេះ ថៃស្នើឱ្យភាគីទាំងពីររួមគ្នាពិចារណាលើវិធានការកែលម្អការដឹកជញ្ជូន និងភស្តុភារកម្មរវាងប្រទេសទាំងពីរ រួមទាំងការកំណត់ការគិតថ្លៃច្បាស់លាស់ផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ស្ករស និងកប្បាសលើទីផ្សារពិភពលោកឡើងថ្លៃដោយសារឥណ្ឌាជួបគ្រោះរាំងស្ងួត

គ្រោះរាំងស្ងួតនៅឥណ្ឌាអាចនឹងធ្វើឲ្យតម្លៃស្ករស និងកប្បាសនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ ដ្បិតឥណ្ឌាគឺជាប្រទេសផលិតស្ករស និងកប្បាសដ៏ធំមួយនៅលើពិភពលោក។…

ចិនចោទអាម៉េរិក អុចឱ្យមាន«បដិវត្តន៍ពណ៌» ខណៈរុស្ស៊ីថាលោកខាងលិចកំពុងធ្វើឱ្យសង្គ្រមរាលដាលដល់អាស៊ី

មន្ត្រីការពារជាតិជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃចន្ទបានប្រើប្រាស់វេទិកាសន្តិសុខក្នុងទីក្រុងប៉េកាំង ចោទប្រកាន់សហរដ្ឋអាម៉េរិក និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ