
ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ត្រូវបានគេរាយការណ៍ថា គឺជាកម្មករសំណង់ ភេទប្រុស អាយុ៥៣ឆ្នាំ ព្រមទាំងមានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។
យោងតាមលោកវេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DDC)របស់ថៃបានឱ្យដឹងថា អ្នកជំងឺបានកើតដំបៅនៅដៃស្តាំរបស់គាត់នៅថ្ងៃទី ២៤ ខែមេសា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី ២៧ ខែមេសា ហើយមានរោគសញ្ញាកាន់តែអាក្រក់ទៅៗ ដោយមានមុខរបួសប្រែជាខ្មៅ ហើមកូនកណ្ដុរនៅក្រោមក្លៀកខាងស្ដាំ និងបានដួលសន្លប់ ប្រកាច់ មុនពេលស្លាប់នៅអំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ។ តាមការធ្វើតេស្ដនៅមន្ទីរពិសោធន៍បានបញ្ជាក់ថា អ្នកស្លាប់គឺបានឆ្លងមេរោគម្យ៉ាងឈ្មោះថា Bacillus anthracis ។
អង់ត្រាក់ គឺជាប្រភេទជំងឺឆ្លងធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគ Bacillus anthracis ហើយមេរោគប្រភេទនេះ អាចបង្កកំណើត និងរស់បាននៅក្នុងបរិយាកាសជាច្រើនឆ្នាំ។ មេរោគប្រភេទនេះ អាចមាននៅក្នុងខ្លួនសត្វគោ ក្របី ពពែ និងចៀម ហើយវាអាចឆ្លងតាមមនុស្ស តាមរយៈការប៉ះផ្ទាល់ ការទទួលទានសាច់សត្វទាំងនោះឆៅ ដោយមិនបានចម្អិនត្រឹមត្រូវ ឬបានប៉ះពាល់នឹងកន្លែងដែលមានមេរោគនោះលាក់ខ្លួន ឬនៅលើរោមចៀមជាដើម។
ចំពោះរោគសញ្ញា ជាធម្មតាអាចលេចឡើងនៅក្នុងរយៈពេល ១ ទៅ៥ថ្ងៃ រួមមាន គ្រុនក្ដៅ ក្អួតចង្អោរ ឈឺពោះខ្លាំង ដំបៅមានពណ៌ខ្មៅ និងពិបាកដកដង្ហើម។ បើគ្មានការព្យាបាលឱ្យបានទាន់ពេលទេ អ្នកជំងឺអាចប្រឈមនឹងការស្លាប់ដល់ទៅ ៨០%។
នៅឆ្នាំ ២០២៤ ប្រទេសឡាវបានរាយការណ៍ករណីឆ្លងជំងឺ អង់ត្រាក់ ចំនួន ១២៩ ករណី និងស្លាប់ម្នាក់។ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ វៀតណាមបានកត់ត្រាការផ្ទុះរាលដាលចំនួន ៣ លើក ដោយសរុបមាន ១៣ ករណី និងមានទំនាក់ទំនងជាមួយនឹងមនុស្សចំនួន១៣២នាក់ ដែលពួកគេពាក់ព័ន្ធនឹងការទទួលទានសាច់គោ និងសាច់ក្របី។
ដើម្បីការពារជំងឺ អត់ត្រាក់ គប្បីត្រូវធ្វើដូចជា៖
- ជៀសវាងការប៉ះពាល់ជាមួយគោ ក្របី ពពែ និងចៀម។
- លាងដៃរបស់អ្នក និងសម្អាតរាងកាយរបស់អ្នកឱ្យបានហ្មត់ចត់ បន្ទាប់ពីប៉ះពាល់សត្វ។
- ទទួលទានតែសាច់ឆ្អិនដែលទទួលស្គាល់ថាមានសុវត្ថិភាព។
- រាយការណ៍ការស្លាប់សត្វខុសប្រក្រតីទៅអាជ្ញាធរបសុសត្វជាបន្ទាន់។
- ស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រសម្រាប់រោគសញ្ញាមិនធម្មតា។