ប្រទេសថៃ

កត្តាអ្វីជំរុញឲ្យរដ្ឋថៃហ៊ានខ្ចីបុលជាង ២៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០២៣-២០២៧?


ការិយាល័យគ្រប់គ្រងបំណុលសាធារណៈនៃប្រទេសថៃ (PDMO) គ្រោងខ្ចីបំណុលប្រមាណជាង ២៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៧ បន្ទាប់ពីបានវាយតម្លៃឃើញពីប្រសិទ្ធភាពនៃការប្រើប្រាស់កម្ចីរបស់រាជរដ្ឋាភិបាលថៃ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
ថៃនឹងខ្ចីបំណុលជាង ២៣ពាន់លានដុល្លារសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ

លោកស្រី Patricia Mongkhonvanit ប្រធាន​ការិយាល័យគ្រប់គ្រងបំណុល​សាធារណៈ​នៃប្រទេស​ថៃ ហៅកាត់ថា PDMO បាន​និយាយថា ផែនការខ្ចីបំណុលនេះ គឺឆ្លុះបញ្ចាំង​​ពីតម្រូវការ​របស់​ភ្នាក់ងារ​ និងសហគ្រាសរដ្ឋ។ ការវិនិយោគ​នេះ នឹង​ផ្តោតទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​​ដឹកជញ្ជូន ថាមពល ទឹកភ្លើង និង​ការអភិវឌ្ឍពាណិជ្ជកម្ម​​​ផ្នែកអវកាស ដើម្បីជំរុញ​ជីវភាព​រស់នៅ និង​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេសថៃ។

លោកស្រីបន្តថា ការិយាល័យនេះ នឹង​ប្រើប្រាស់​​​យុទ្ធសាស្រ្តគ្រប់គ្រង​បំណុល​ពាក់កណ្តាល​អាណត្តិ និង​ឧបករណ៍​​ចម្រុះផ្សេងៗ ​ដើម្បីរក្សា​បំណុលសាធារណៈ​ឱ្យ​ស្ថិតក្នុងកម្រិតហានិភ័យ​សមល្មម ដែល​នឹង​ធានា​​ដល់ភាគី​ក្នុងស្រុក និងអន្តរជាតិថា ហិរញ្ញវត្ថុ​សាធារណៈ​​របស់ថៃ នៅតែរឹងមាំខ្លាំង។

ការិយាល័យ PDMO គ្រោង​គាំទ្រ​ដល់​​ភ្នាក់ងារ​រដ្ឋ និងឯកជន ក្នុងការផ្តល់​សញ្ញាបណ្ណបៃតង ​សញ្ញាបណ្ណសង្គម និង​សញ្ញាបណ្ណ​​នីរន្តរភាព ដែលឆ្លុះ​បញ្ចាំង​ពីការប្តេជ្ញាចិត្ត​រប​ស់​ខ្លួន ក្នុងការដោះស្រាយ​បញ្ហា​សង្គម និងបរិស្ថាន។

បន្ទាប់ពីវាយតម្លៃ​អំពី​ការចំណាយរបស់រដ្ឋប្រមាណជាង ២១ពាន់លានដុល្លារ នៃទឹកប្រាក់​ជាង​ ២៦ពាន់លានដុល្លារ ដែលត្រូវបាន​រដ្ឋាភិបាល​ខ្ចីសម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​កូវីដ១៩ ការិយាល័យ PDMO បានផ្តល់ពិន្ទុខ្ពស់កម្រិត A ​ចំពោះ​ខ្ទង់ចំណាយដ៏​មាន​ប្រសិទ្ធភាព​​នេះ។ មិនតែប៉ុណ្ណោះ​ វា​បាន​បង្កើតតម្លៃ​សេដ្ឋកិច្ច​ស្មើ​នឹងទំហំ​ទឹកប្រាក់​ជាង ៦៩ពាន់លានដុល្លារ ហើយរំពឹងថា នឹងផ្តល់ចំណូលជាង ១៣ពាន់លានដុល្លារ​ឱ្យរដ្ឋាភិបាល​វិញ​ទៀតផង។

គួររំលឹកថា ក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាត​កន្លងទៅ រាជរដ្ឋាភិបាល​ថៃ​បាន​បង្កើត​ក្រឹត្យសម្រាប់​​កម្ចីបន្ទាន់​ចំនួន២ ដែលអនុញ្ញាតឱ្យរដ្ឋ​អាចខ្ចីប្រាក់សរុបដល់​ជាង ៣៩ពាន់លាន​ដុល្លារ ដើម្បីដោះស្រាយ​ផលប៉ះពាល់​ពីជំងឺកូវីដ១៩។

បើតាមការិយាល័យ PDMO ឱ្យដឹងថា អនុបាត​បំណុលសាធារណៈ​របស់ថៃ ធៀបនឹងផលិតផលក្នងុស្រុកសរុប (GDP) នៅក្នុងឆ្នាំ​សារពើពន្ធ ២០២៣ ត្រូវបាន​រំពឹងថា នឹងថយចុះមកនៅត្រឹម​ ៦០,៤% ដោយសារ​តែសេដ្ឋកិច្ច​បានងើបឡើងវិញ។ លើសពីនេះ ផលិតផលក្នុងស្រុកសរុប GDP របស់ថៃ នឹងកើនឡើងដល់ជាង ៤៨៣ពាន់លាន​ដុល្លារ​នៅឆ្នាំ​ក្រោយផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


មេទីភ្នាក់ងារថាមពលអន្តរជាតិថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃវិបត្តិថាមពលហើយ

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅថ្ងៃអង្គារទី ២៥តុលានេះថា ការរឹតបន្តឹងទីផ្សារសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) នៅទូទាំងពិភ…

រយៈពេល៨ខែក្រោយផ្ទុះសង្គ្រាមជាមួយរុស្ស៊ី អ៊ុយក្រែនទទួលបានជំនួយថវិកា១០០ពាន់លានដុល្លារ

បើតាមអង្គការមូលនិធិ Devex បានកត់ត្រាពីទំហំមូលនិធិដែលអ៊ុយក្រែនបានទទួលពីសម្ព័ន្ធមិត្ត រួមទាំងអង្គការស្ថាប័នហិរញ្ញវត្ថុមួយចំនួន គិតចាប់តា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ