ក្រុមប្រឹក្សាសន្តិសុខ UN

ថៃព្យាយាមកុហកក្រុមប្រឹក្សាសន្តិសុខ UN ថា កម្ពុជាជាអ្នកបង្កអរិភាព ក្រោយទាហានថៃបាញ់ពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរបួស៣នាក់


ក្រោយកងកម្លាំងថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរស៊ីវិលម្នាក់ និងរបួស៣នាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ បានដាក់លិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយចោទទាំងឥតអៀនខ្មាស់ថា កម្ពុជាជាអ្នកញុះញង់ និងបង្កអរិភាពភាព ដើម្បីបង្វែស្ថានការណ៍។ ការដាក់លិខិតរបស់ថៃទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិធ្វើឡើងនៅពីរថ្ងៃបន្ទាប់ពីទាហានថៃបានបើកការបាញ់ប្រហារយ៉ាងព្រៃផ្សៃលើពលរដ្ឋស៊ីវិលរបស់កម្ពុជា។
ក្រុមប្រឹក្សាសន្តិសុខ UN
ដោយ

នៅពីរថ្ងៃក្រោយក្រុមកងកម្លាំងរបស់ថៃបានបើកការវាយប្រហារលើពលរដ្ឋស៊ីវិលកម្ពុជាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកអគ្គរាជទូតថៃប្រចាំអង្គការសហប្រជាជាតិលោក ឆឺតឆៃ ឆៃវៃ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយព្យាយាមបកស្រាយ និងចោទកម្ពុជាថាជាអ្នកបង្កអរិយភាពទាំងឥតអៀនខ្មាស់ ដើម្បីបង្វែអំពើដ៏ព្រៃផ្សៃរបស់ខ្លួន។

នៅក្នុងលិខិតនោះអ្នកការទូតថៃរូបនេះបានព្យាយាមបកស្រាយ និងពន្យល់ប្រាប់លោក ម៉ាយឃើល អ៊ីរ៉ាន់ កានូ (Michael Imran Kanu) ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនបានខិតខំអនុវត្តតាមដំណោះស្រាយដោយសន្តិវិធីចំពោះភាពតានតឹងនៅតាមព្រំដែនជាមួយនឹងកម្ពុជា ដែលវាផ្ទុយស្រឡះពីទង្វើដែលពួកគេបានធ្វើមកលើកម្ពុជា។

លើសពីនេះលោក ឆឺតឆៃ បានខិតខំនិយាយដោះសារដោយបង្ហាញពីប្តេជ្ញាចិត្តអនុតាមកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនបានប្រកាសទាត់ចោល និងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានលើកយករឿងទាហានខ្លួនជាន់មីនចាស់នៅព្រំដែន ដោយចោទកម្ពុជាថាជាអ្នកដាក់ទៀតផង។

ដោយឡែកពាក់ព័ន្ធករណីទាហានថៃបើកការបាញ់ប្រហារពលរដ្ឋកម្ពុជាឲ្យរបួស និងស្លាប់កាលពីថ្ងៃទី១២ ខែវិច្ឆិកា អ្នកការទូតថៃរូបនេះបែរជាចោទថា កងកម្លាំងកម្ពុជាជាអ្នកបាញ់ប្រហារលើកងទ័ពថៃមុន ហើយកងទ័ពខ្លួនបាញ់ការពារខ្លួនទៅវិញ។ អ្នកការទូតថៃរូបនេះ បន្តប្រឹងលាងខ្លួនហើយចោទកម្ពុជា ដែលជាប្រទេសតូច មានសេដ្ឋកិច្ចទន់ខ្សោយ និងប្រជាជនតិចថា ជាអ្នកបង្កអរិភាពឥតឈប់ឈរលើអធិបតេយ្យភាពរបស់ខ្លួនទៅវិញ តែនៅពេលកម្ពុជាបបួលឡើងទៅតុលាការយុត្តិធម៌អន្តរជាតិបែរជាមិនព្រមទៅ៕

ដោយៈ សរ សុជាតិ




ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ