លោក ពូនពុង ណៃយ៉ាណាផាកន(Poonpong Naiyanapakorn) ប្រធានការិយាល័យគោលនយោបាយពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត នៃក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ព្រមទាំងវិធានការសងសឹកគ្នាទៅវិញទៅមក ដែលកើតឡើងតាំងពីឆ្នាំ២០១៨មកនោះ ទំនងជាកាន់តែកើនកម្តៅខ្លាំងថែមទៀត ហើយនឹងជះឥទ្ធិពលដល់វិស័យផ្សេងៗ ជាពិសេសវិស័យបច្ចេកវិទ្យា ដែលពាក់ព័ន្ធនឹងស្ថិរភាពសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសមហាយក្សទាំងពីរ។
លោកបន្តថា អង្គភាពរបស់លោកបានសិក្សា និងវាយតម្លៃឃើញថា ការប្រកួតប្រជែងកាន់តែក្តៅខ្លាំង និងការបែងចែកបច្ចេកវិទ្យារវាងចិន និងអាមេរិក គឺបានផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់ប្រទេសថៃ។
បើតាមការបញ្ជាក់របស់មន្រ្តីជំនាញរូបនេះ ប្រទេសថៃអាចនឹងក្លាយជាជម្រើសទីតាំងផលិតមួយសម្រាប់នាំចេញទៅអាមេរិក ពោលគឺតាមរយៈការទាក់ទាញវិនិយោគពីក្រុមហ៊ុនក្នុងប្រទេសចិន ដែលចង់ដាក់រោងចក្ររបស់ខ្លួននៅក្រៅពីចិនដីគោក។
ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ឃើញថា វានៅតែមានបញ្ហាគួរឱ្យបារម្ភមួយចំនួន ដូចជាវិធានការរបស់អាមេរិកដែលបង្ខំឱ្យក្រុមហ៊ុនដាក់រោងចក្រនៅប្រទេសជិតស្និទ្ធ ឬសម្ព័ន្ធមិត្តរបស់ខ្លួន និងភាពតានតឹងយោធារវាងចិនជាមួយកោះតៃវ៉ាន់ជាដើម ដែលអាចនឹងជះឥទ្ធិពលដល់ការវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសថៃ។
លោក ពូនពុង បានឱ្យដឹងទៀតថា ការអាក់ខាននូវការផ្គត់ផ្គត់បន្ទះឈីបពិភពលោក និងផលប៉ះពាល់អវិជ្ជមានលើបណ្តាប្រទេសដែលផលិតនូវផលិតផលទាក់ទងនឹងឈីបនេះ ដោយរួមមានទាំងថៃផង អាចនឹងកើតឡើងប្រសិនបើស្ថានភាពរវាងចិន និងតៃវ៉ាន់ កាន់តែធ្ងន់ធ្ងរ។
ជម្លោះនេះ ក៏អាចនឹងធ្វើឱ្យផ្លាស់ប្តូរបរិយាកាសវិនិយោគ ផលិតកម្ម ពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ហើយក៏ជារនាំងថ្មីចំពោះបច្ចេកវិទ្យាឈានមុខរវាងមហាយក្សទាំង២ និងសម្ព័ន្ធមិត្តរបស់ពួកគេផងដែរ។ ដូច្នេះប្រទេសថៃគួរតែសម្របខ្លួនឱ្យបានឆាប់ ដើម្បីដោះស្រាយជាមួយនឹងផលប៉ះពាល់ដែលមិនអាចប៉ាន់ស្មានដឹងបែបនេះ។
ប្រទេសថៃ ត្រូវការជំរុញនូវការចូលរួមទុនគ្នា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនៅគ្រប់វិស័យនៃបច្ចេកវិទ្យាឈានមុខ។ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជំនាញសម្រាប់ឧស្សាហកម្មគោលដៅ ក៏ត្រូវគិតគូរជាចាំបាច់ផងដែរ។
គួរដឹងថា ដោយសារភាពតានតឹងជាមួយអាមេរិក និងជំងឺរាតត្បាតកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងធ្វើឱ្យប្រទេសចិន បាត់បង់តំណែងជាមជ្ឈមណ្ឌលខ្សែចង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗហើយ។ ក្នុងកាលៈទេសៈនេះ ក៏មានប្រទេសជាច្រើនកំពុងប្រជែងគ្នាស្រូបទាញលំហូរផលិតកម្មចេញពីប្រទេសនេះដែរ។ ក្នុងនោះប្រទេសដែលអាចចូលខ្លួនមកជំនួសតំណែងចិននោះ អាចមានដូចជា ឥណ្ឌា វៀតណាម ថៃ ម៉ាឡេស៊ី និងបង់ក្លាដែសជាដើម៕
អត្ថបទ ៖ នៅ សំភី