ពាណិជ្ជកម្មទ្វេភាគី

ថៃ និងវៀតណាម ដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ២៥ពាន់លានដុល្លារនៅ៣ឆ្នាំទៀត


ប្រទេសថៃ និងវៀតណាម បានព្រមព្រៀងគ្នានឹងជំរុញបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានទៅសម្រេចបានដល់ ២៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ខណៈដែលកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជិត២០ពាន់លានដុល្លារ។ ការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សារវាងគណៈរដ្ឋមន្ត្រី ប្រទេសថៃ និងវៀតណាម នាពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីរាយការណ៍ពីកាសែតបាងកកប៉ុស្ដិ៍។
ថៃ និងវៀតណាម ដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ២៥ពាន់លានដុល្លារនៅ៣ឆ្នាំទៀត

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​លើក​ទី​៤ រវាង​ប្រទេស​ថៃ និង​វៀតណាម រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ជូ​រី​ន ឡាក់​សា​ណា​វី​ស៊ី​ត (Jurin Laksanawisit) បាន​និយាយ​ថា ការ​ពិភាក្សា​របស់​លោក​ជាមួយ​លោក ង្វៀ​ន ហុង ឌៀ​ន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​នាំ​ទៅ​ការ​កំណត់​គោលដៅ​ទៅ​វិញ​ទៅ​មក​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម​ក្នុង​ទំហំ​ជា​ទឹកប្រាក់ ២៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ដែល​កើនឡើង​ពី​ជិត ២០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។

កាល​ឆ្នាំ ២០២១ វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ពីរ​របស់​ប្រទេស​ថៃ​ក្នុង​តំបន់​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី ៦ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន ជប៉ុន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ម៉ា​ឡេ​ស៊ី​។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ដល់​ជិត​២០​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២១ កើនឡើង ជាង ១៧% ធៀប​នឹង​ឆ្នាំ ២០២០​។ ក្នុង​នោះ ការ​នាំ​ចេញ​សរុប​របស់​ថៃ​ទៅ​កាន់​វៀតណាម​មាន​ចំនួន​ជាង ១២ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ១២% ហើយ​ការ​នាំ​ចូល​ពី​វៀតណាម​មក​វិញ​មាន​ជិត​៧​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ២៧% ។

ជាមួយ​គ្នា​នេះ​ដែរ ផលិតផល​នាំ​ចេញ​សំខាន់​ៗ​របស់​ថៃ​នាំ​ទៅ​វៀតណាម រួម​មាន រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត ជ័រ​ប្លា​ស្ទិ​ក ប្រេង​ចម្រាញ់​រួច សារធាតុ​គីមី ម៉ាស៊ីនត្រជាក់ និង​គ្រឿង​បង្គុំ ខណៈ​ផលិតផល​នាំ​ចូល​សំខាន់​ៗ​ពី​ប្រទេស​វៀតណាម​មក​វិញ មាន​ដូច​ជា គ្រឿងអគ្គិសនី ប្រេង​ឆៅ គ្រឿង​ម៉ាស៊ីន និង​គ្រឿងបន្លាស់ ផលិតផល​ដែក និង​សារធាតុ​គីមី​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក ជូ​រី​ន (Jurin) បាន​ស្នើ​សុំ​វៀតណាម​ជួយ​សម្រួលការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​របស់​ថៃ​ឆ្លងកាត់​ព្រំដែន​តាម​ច្រក​វៀតណាម​ទៅ​កាន់​ច្រកព្រំដែន យូ​អ៊ី​ហ្គ័​ន (Youyiguan) របស់​ប្រទេស​ចិន​។ ថៃ​ក៏​បាន​អំពាវនាវ​ឱ្យ​វៀតណាម​ជួយ​ចរចា​ជាមួយ​ចិន ដើម្បី​បើក​ច្រកព្រំដែន យូ​អ៊ី​ហ្គ័​ន (Youyiguan) ក៏​ដូច​ជា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវដែក ពីង​ស៊ាំ​ង (Pingxiang) ខណៈ​ពេល​ដែល​មានការ​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ​នៃ​ប៉ុស្តិ៍​ត្រួតពិនិត្យ តុង​ស៊ី​ង (Tongxing) របស់​ប្រទេស​ចិន​។ លោក ជូ​រី​ន​បាន​និ​យា​យា​ថា ថៃ​បាន​ស្នើ​សុំ​សម្រួល​ច្រក​ដឹក​ជញ្ជូន​នៅ​ប្រទេស​វៀតណាម ដើម្បី​ព​ន្លឿ​ន​ការ​បញ្ជូន​ផលិតផល​ថៃ​ទៅ​កាន់​ប្រទេស​ចិន និង​បញ្ចៀស​ការ​ខូចខាត​ផលិតផល​ផង​ដែរ​។ ស្រប​ពេល​ដែល អាជ្ញាធរ​ចិន​នៅ​តែ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​រាល់​ទំនិញ​ផ្លែ​ឈើ​ដែល​ចូល​ប្រទេស​តាម​ច្រកព្រំដែន ស្រប​តាម​គោលនយោបាយ គ្មាន​កូ​វី​ដ របស់​ប្រទេស​ចិន​។

សូម​ជម្រាប​ថា ប្រទេស​ថៃ​បាន​នឹង​កំពុង​ស្វែងរក​ការ​គាំទ្រ​សម្រាប់​ការ​វិនិយោគ​លើ​ថាមពល​ស្អាត​នៅ​វៀតណាម ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់​កម្មករ​វៀតណាម​ទៅ​កាន់​ប្រទេស​ថៃ បន្ថែម​ពីលើ​បុគ្គលិក​វៀតណាម​ដែល​មាននៅ​ថៃ​នា​ពេល​បច្ចុប្បន្ន ដោយ​ភាគច្រើន​ពួក​គេ​ធ្វើការ​នៅ​ក្នុង​វិស័យ​នេសាទ និង​សំណង់​។

វៀតណាម​ក៏​បាន​ស្នើ​ឱ្យ​ថៃ​ជួយ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ខ្លួន ដោយ​ព​ន្លឿ​ន​ការ​នាំ​ចូល​ផ្លែ​ឈើ​ចំនួន​ប្រាំ​មុខ​របស់​វៀតណាម​ដូច​ជា ក្រូចថ្លុង ផ្លែទៀប ផ្លែ​ផា​សិន និង​សាវម៉ាវ​ជាដើម​៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធាន IMF ព្រមានពីហានិភ័យ ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិនកំពុងអូសបន្លាយ

ព័ត៌មាន
អគ្គនាយិកាគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី Kristalina Georgieva បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ការធ្លាក់ចុះសេដ្…

បុរី មេគង្គ លែន បានបន្ថែមនូវការសាងសង់ ផ្ទះវីឡាកូនកាត់មានរបងបន្ថែមទៀត សម្រាប់បំពេញតាមតម្រូការការជូនដល់អតិថិជន

ព័ត៌មាន
កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ ដែលត្រូវនឹង ថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ បុរី មេគង្គ លែន បានរៀបចំព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ