
ប្រទេសថៃបានផ្ដល់សម្បទានបន្ថែមទៀត ដោយគ្រោងមិនយកពន្ធលើទំនិញអាម៉េរិករហូតដល់ទៅ៩០% ដែលកើនឡើងពី៦០% បើធៀបនឹងសំណើមុននេះ ក្នុងគោលបំណងបន្ទន់ចិត្តលោក ដូណាល់ ត្រាំ ដើម្បីបញ្ចៀសការយកពន្ធទណ្ឌកម្មរហូតដល់ទៅ៣៦% ដែលអាម៉េរិកបានដាក់លើទំនិញថៃថ្មីៗនេះ។ នេះបើយោងតាមការឱ្យដឹងពីក្រុមធុរជន ដែលផ្តល់ប្រឹក្សាដល់ក្រុមអ្នកចរចាថៃ។
លោក ឆានីន ឆាលីសារ៉ាពង់ (Chanintr Chalisarapong) អនុប្រធានសភាពាណិជ្ជកម្មថៃ បានថ្លែងប្រាប់សារព័ត៌មាន Bloomberg News ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ថា សំណើទី៣របស់រដ្ឋាភិបាលថៃ ខាងលើនេះអាចនឹងលុបចោលពន្ធគយ និងរបាំងមិនមែនពន្ធគយលើផលិតផលអាម៉េរិករហូតដល់ទៅប្រមាណ១ម៉ឺនមុខ។
លោកបានបន្ថែមថា លោករំពឹងថា ពន្ធគយសម្រេចចុងក្រោយរបស់សហរដ្ឋអាម៉េរិកលើប្រទេសថៃ នឹងត្រូវបានបញ្ចុះពី៣៦% ដែលលោក ដូណាល់ ត្រាំ បានដាក់លើទំនិញថៃថ្មីៗនេះមកនៅត្រឹមចន្លោះពី១៨%ទៅ២០%។
អនុប្រធានសភាពាណិជ្ជកម្មថៃរូបនេះបានលើកឡើងថា សំណើថ្មីដែលត្រូវបានធ្វើបទបង្ហាញដល់ទីក្រុងវ៉ាស៊ីនតោន អំឡុងពេលសន្និសីទកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែ
កក្កដា តាមអនឡាញនេះនឹងអាចកាត់បន្ថយអតិរេកពាណិជ្ជកម្មក្នុងទំហំ៤៥,៦ពាន់លានដុល្លាររបស់ប្រទេសថៃ ជាមួយសហរដ្ឋអាម៉េរិកបានរហូតដល់៧០%ក្នុងរយៈពេល៣ឆ្នាំ និងឈានទៅរកតុល្យភាពពាណិជ្ជកម្មក្នុងរយៈពេល៥ឆ្នាំ៕
ដោយ: តែម សុខុម