កសិដ្ឋាន​គោទឹកដោះ

កសិដ្ឋានគោទឹកដោះធំមួយ រំពឹងនឹងផលិតទឹកដោះគោឲ្យបានដល់១ម៉ឺនលីត្រក្នុងមួយថ្ងៃ នៅដំណាច់ឆ្នាំនេះ


កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលមានទីតាំងស្ថិតក្នុងខេត្តតាកែវនោះ រំពឹងថា នៅដំណាច់ឆ្នាំនេះ នឹងផលិតទឹកដោះគោស្រស់បានដល់ទៅ ១ម៉ឺនលីត្រក្នុងមួយថ្ងៃ ខណៈដែលបច្ចុប្បន្នក្នុងចំណោមគោ៥៦០ ក្បាលនៅក្នុងកសិដ្ឋាននេះ មានគោចំនួន ៣០០ក្បាលហើយ ដែលអាចយកទឹកដោះបាន ពោលគិតជាមធ្យម៦.០០០ លីត្រក្នុងមួយថ្ងៃ។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលមានទីតាំងស្ថិតក្នុងខេត្តតាកែវ
ដោយ

លោក គួច សុខលី នាយកចាត់ការ​ទូទៅ ក្រុមហ៊ុន Khmer Fresh Milk បាន​ឲ្យដឹងថា កិសដ្ឋានគោ​ទឹកដោះ​មួយនេះ ​គឺជាកសិដ្ឋាន​ទំនើប​ទាន់សម័យ ធំជាងគេ​និង​ដំបូង​គេ​ដែលមាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់ប្រទេស​អ៊ីស្រាអែលទាំងការចិញ្ចឹម​ ការដាំ​ស្មៅជាចំណី​លើ​ផ្ទៃដី ២០០ហិកតា រចនាសម្ព័ន្ធស្រោចស្រព ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រ​កែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ និងស្រះស្តុក​ទឹកធំ​ជាដើម។

លោក គួច សុលី បាន​បន្ថែម​ទៀតថា គំនិតផ្តួចផ្តើម​ដំបូង​នៃការ​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោទឹកដោះនេះឡើង គឺបន្ទាប់ពី​មាន​ជំនួប​រវាង​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា​បានអញ្ជើញ​ទៅ​បំពេញ​បេសកកម្មជា​ផ្លូវការ​នៅប្រទេស​អីស្រាអែល​ក្នុងខែសីហា ឆ្នាំ២០១៥។ ជំនួប​ពិភាក្សា​រវាង​ឯកឧត្តមរដ្ឋមន្រ្តី ជាមួយ​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​កសិកម្មអីស្រាអែល និងនាយក​គ្រប់គ្រង​នៃទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​សម្រាប់ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​អីស្រាអែល​នៅពេលនោះ​បានរក​ឃើញ​កម្មវត្ថុ​សំខាន់​មួយដែល​មានសក្តានុពល​គួរតែធ្វើការ​វិនិយោគនោះគឺ "ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមគោ​ទឹកដោះ (Dairy Farm)"។

លោកបាន​បន្តទៀតថា ផ្តើមចេញពីលទ្ធផល​នៃជំនួប​ពិភាក្សានេះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd បានចាប់ផ្តើម​រៀបចំបែប​បទ​ទៅតាមនីតិ​វិធីរដ្ឋបាល​បច្ចេកទេស និងច្បាប់របស់​ព្រះរាជា​ណាចក្រ​កម្ពុជា គឺបានចុះបញ្ជី​ក្រុមហ៊ុននៅក្រសួង​ពាណិជ្ជកម្ម​កាល ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានទទួលការ​អនុញ្ញាត​ជាគោលការណ៍​ដ៏ខ្ពង់ខ្ពស់​ពីសម្តេច​ ហ៊ុន សែន ឲ្យបង្កើត​កសិដ្ឋាន​ចិញ្ចឹមគោ​ទឹកដោះនេះ ​នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លើផ្ទៃដី ៣០០ហិកតា និងចុងក្រោយ​ទទួល​បាន​ការអនុម័ត​ជាផ្លូវការ​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ 

កសិដ្ឋាន​ ចិញ្ចឹម​គោទឹកដោះ​គីរីសួ នេះ​ត្រូវបានដឹងថា ជា​ការវិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក និងបរទេស​ ជាមួយទំហំវិនិយោគ ១៥លាន​ដុល្លារអាមេរិក លើ​ផ្ទៃដី ៣០០​ហិកតា។ 

បច្ចុប្បន្ន កសិដ្ឋាន​មានមន្រ្តី បុគ្គលិក និងកម្មករ​ក្នុងស្រុក​ចំនួន ៦០នាក់ និងមន្រ្តី​ជំនាញ​បច្ចេកទេស​គ្រប់ផ្នែក​ចំនួន ៦នាក់ (អីស្រាអែល ៤ និងរុស្សី ២)។ នៅក្នុងខែ​វិច្ឆិកា​ខាងមុខ​សង្ឃឹម ថាគ្រប់ផ្នែក​ទាំងអស់​ក្នុងកសិដ្ឋាន​នឹងចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានរំលេចថា គម្រោងនេះ ពិតជា​នឹងចូលរួម​ចំណែក​ក្នុងការផ្គត់ផ្គង ផលិតផល​ទឹកដោះគោ​ស្រស់ និងកែច្នៃ​សម្រាប់​ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ គម្រោងនឹង​ជួយនាំយក​បច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុង​ការចិញ្ចឹម និងផលិត​ទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានា​សុខភាព​អ្នកបរិភោគ និងអាហារូបត្ថម្ភ​សម្រាប់កុមារ។

សូមបញ្ជាក់ថា គិតមកទល់​ពេលនេះ កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹកដោះ​ធំៗ​នៅកម្ពុជា​មាន​ចំនួន​បី​កន្លែងហើយ ដោយ​ក្នុងនោះ រួមមាន​កសិដ្ឋាន​ចិញ្ចឹមគោទឹកដោះ តេជោសែន ឫស្សីត្រឹប នៅ​ស្រុកឆែប​ខេត្ត​ព្រះវិហារ, កសិដ្ឋាន​ចិញ្ចឹម​គោទឹកដោះ Momo Farm នៅអរិយក្សត្រ និងកសិដ្ឋាន​គោទឹកដោះ គិរីសួរ នៅស្រុកបាទី ខេត្ត​តាកែវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយកសាលាអន្តរជាតិPlanet ៖ការសម្ពោធសាខាថ្មីមួយទៀតចំពេលមានកូវីដ-១៩នេះ ព្រោះខ្ញុំមើលឃើញឱកាសនៅក្នុងបញ្ហា

ព័ត៌មាន
ស្របពេលដែលសាលាឯកជនជាច្រើននៅកម្ពុជា បាននិងកំពុងជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរនៅអំឡុងពេលនៃមេរោគរាតត្បាតកូវីដ-១៩ នោះ ស្រាប់តែសាលាអន្តរជាតិមួយ …

ហ្វេសប៊ុក​សហការ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​ទឹក​ជំនន់​និង​គ្រោះ​រាំងស្ងួត​ក្នុង​តំបន់

ព័ត៌មាន
បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០នេះ បាន​ប្រកាស​ដាក់​ឲ្យដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ