យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា បានឱ្យដឹងថា គម្រោងច្រករបៀងដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge តម្លៃ២៨ពាន់លានដុល្លាររបស់ថៃ នៅពេលនេះកំពុងប្រឈមនឹងឧបសគ្គរាំងស្ទះជាថ្មី ដោយសារកត្តាចម្បងៗមួយចំនួនរួមមានការប្រឆាំងជំទាស់ពីពលរដ្ឋក្នុងមូលដ្ឋាន និងអស្ថិរភាពនយោបាយក្នុងស្រុកជាដើម។
គម្រោងចក្ររបៀងដឹកជញ្ជូន Land Bridge ដែលរួមបញ្ចូលផ្លូវហាយវ៉េ និងផ្លូវដែកសរុបប្រវែង៩០គីឡូម៉ែត្រខាងលើនេះ នឹងរត់កាត់ឧបទ្វីបម៉ាឡេ (Malay Peninsula) ដោយតភ្ជាប់គម្រោងកំពង់ផែមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតក្នុងភូមិសាស្ត្រខេត្តឈុមផុន (Chumphon) របស់ថៃ ទៅកាន់គម្រោងកំពង់ផែមួយទៀតនៅមហាសមុទ្រឥណ្ឌា ស្ថិតក្នុងភូមិសាស្ត្រខេត្តរ៉ាក់ណង (Ranong) របស់ថៃ។ ហើយតំបន់សេដ្ឋកិច្ចពិសេសមួយនឹងត្រូវបានបង្កើតឡើងនៅក្បែរនោះ។
គម្រោងដ៏ធំសម្បើមនេះនឹងអនុញ្ញាតឱ្យដឹកទំនិញឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា (Strait of Malacca) ដែលជាផ្លូវដឹកជញ្ជូនទំនិញតាមកប៉ាល់ដ៏សំខាន់ និងដ៏មមាញឹកមួយរវាងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី ដែលត្រូវបានគេរំពឹងថា នឹងមានចរាចរកាន់តែកកស្ទះ នៅពេលដែលសេដ្ឋកិច្ចរបស់តំបន់អាស៊ីកាន់តែរីកលូតលាស់។ ទោះជាយ៉ាងណា ផែនការនេះបានគំរាមកំហែងបំផ្លិចបំផ្លាញបរិស្ថាននៅកោះផាយ៉ាម (Phayam) ជាកោះរមណីយដ្ឋានមួយដែលមានភាពល្បីល្បាញដោយសារទឹកសមុទ្រខៀវស្រងាត់ និងផ្កាថ្មប៉ប្រះទឹកនៅក្បែរគម្រោងកំពង់ផែស្ថិតក្នុងខេត្តរ៉ាក់ណង (Ranong)។
រដ្ឋាភិបាលថៃ បានប្រាប់ពលរដ្ឋនៅកោះផាយ៉ាម ថា គម្រោងកំពង់ផែនេះនឹងគ្របដណ្ដប់លើផ្ទៃដីប្រមាណ១ពាន់ហិកតា ហើយផ្លូវដឹកជញ្ជូនសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញធំៗនឹងត្រូវបានបង្កើតឡើងនៅជិតកោះនេះ ដែលពាក់ព័ន្ធនឹងការជីកចូលទៅក្នុងបាតសមុទ្រប្រមាណ៦.៤០០ហិកតា ដែលស្មើនឹង២ដងនៃផ្ទៃដីកោះខាងលើនេះ។
សរុបជារួម គម្រោងនេះកំពុងជួបឧបសគ្គរាំងស្ទះជាថ្មីដោយសារកត្តាចម្បង រួមមាន ទី១៖ ការប្រឆាំងជំទាស់ពីប្រជាជនក្នុងមូលដ្ឋានដោយសារការព្រួយបារម្ភអំពីការបំផ្លិចបំផ្លាញបរិស្ថាន ជាពិសេសនៅលើកោះផាយ៉ាម ដែលជាកោះរមណីយដ្ឋានមួយនៅជិតគម្រោងកំពង់ផែ ដែលអ្នកស្រុកបារម្ភពីការខូចខាតដល់ថ្មប៉ប្រះទឹក ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ី។
ទី២៖ អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ ដែលបានកើតឡើងកាលពីថ្មីៗនេះរួមទាំងការដកតំណែងនាយករដ្ឋមន្ត្រី លោក ស៊្រីថា ថាវីស៊ីន និងភាពមិនច្បាស់លាស់ទាក់ទងនឹងជំហររបស់រដ្ឋាភិបាលថ្មីលើគម្រោងនេះផងដែរ។ ទី៣៖ ការចំណាយខ្ពស់ និងភាពមិនច្បាស់លាស់នៃការវិនិយោគ៖ គម្រោងតម្លៃ២៨ពាន់លានដុល្លារអាម៉េរិកនេះប្រឈមនឹងភាពមិនប្រាកដប្រជាថា តើការវិនិយោគនេះស័ក្ដិសមនឹងចំណាយដែរឬទេ ជាពិសេសជាមួយនឹងទម្រង់ចាប់ដៃគូសហការវាងវិស័យសាធារណៈ និងឯកជន។
ទី៤៖ ការប្រកួតប្រជែងថ្នាក់តំបន់៖ ប្រទេសជិតខាងដូចជាសិង្ហបុរី និងម៉ាឡេស៊ី ព្រួយបារម្ភពីការខាតបង់សេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ។ ទន្ទឹមនេះម៉ាឡេស៊ី ក៏កំពុងសាងសង់គម្រោងប្រកួតប្រជែងមួយផងដែរ គឺគម្រោងតភ្ជាប់ផ្លូវដែកឆ្នេរសមុទ្រខាងកើត ដែលរំពឹងថានឹងបើកដំណើរការនៅឆ្នាំ២០២៧ ផងដែរ។
ហើយទី៥៖ គឺកង្វះចំណាប់អារម្មណ៍ពីក្រុមហ៊ុនវិនិយោគ៖ ទោះបីជាមានការអះអាងពីរដ្ឋាភិបាលថៃ យ៉ាងណាក៏ដោយ ក៏រហូតមកទល់ពេលនេះមិនទាន់មានការដេញថ្លៃប្រាកដប្រជាណាមួយនៅឡើយទេ ដែលនេះបង្ហាញពីការខ្វះទំនុកចិត្តលើលទ្ធភាពជោគជ័យរបស់គម្រោងនេះ៕
ដោយ: តែម សុខុម