ស្របពេលសេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះខ្លាំង ដែលតាមការព្យាករទំនងជាអាចសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបទាបក្នុងឆ្នាំ២០២៥ ក្នុងរង្វង់ក្រោម ២% នោះ ធនាគារកណ្តាល បានបញ្ចុះអត្រាការប្រាក់យ៉ាងតក់ក្រហល់មកត្រឹម១,២៥%។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា សេដ្ឋកិច្ចថៃ អាចនឹងដាំក្បាលចុះកាន់តែធ្ងន់ធ្ងរនៅឆ្នាំ២០២៦ ដោយសារបញ្ហារចនាសម្ព័ន្ធដែលចាក់ឫសយ៉ាងជ្រៅបូករួមជាមួយនឹងវិបត្តិថ្មីៗជាបន្តបន្ទាប់ រួមទាំងទំនាស់នយោបាយផ្ទៃក្នុង សង្គ្រាមចូលឈ្លានពានកម្ពុជា បំណុលពលរដ្ឋកើនឡើង គ្រឿងញៀន និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាដើម។
ជាមួយគ្នានេះ ប្រទេសថៃ ក៏ប្រឈមនឹងការធ្លាក់ចុះខ្លាំងនូវចំនួនភ្ញៀវទេសចរបរទេសផងដែរនៅក្នុងឆ្នាំ២០២៥នេះ ខណៈដែលភាពមិនប្រាកដប្រជាលើពាណិជ្ជកម្មនៅតែបន្តកើតមាន បន្ទាប់ពីរដ្ឋាភិបាលថៃ បរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយសារតែការបញ្ឆេះសង្គ្រាមចូលឈ្លានពានកម្ពុជា។
ការសម្រេចរបស់ធនាគារកណ្ដាលថៃនេះ គឺធ្វើឡើងដោយឯកច្ឆន្ទ ហើយបានចូលជាធរមានភ្លាមៗតែម្តង។ ការបញ្ចុះអត្រាការប្រាក់នេះ គឺជាលើកដំបូងហើយក្រោមការដឹកនាំលោក វិឆៃ រតនាកន (Vitai Ratanakorn) ដែលទើបកាន់តំណែងជាទេសាភិបាលធនាគារកណ្ដាកថៃ ហើយការបញ្ចុះអត្រាការប្រាក់នេះ ធ្វើឡើងស្របពេលមានសញ្ញាប្រកាសអាសន្នថា ការធ្លាក់ចុះសេដ្ឋកិច្ចកំពុងរីករាលដាលពាសពេញវិស័យជាច្រើន៕
ដោយ: តែម សុខុម