
ធនាគារពាណិជ្ជធំៗចំនួន១១ នៅក្នុងប្រទេសថៃ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការរួមគ្នាមួយថា ពួកគេសម្រេចបានប្រាក់ចំណេញជាង២ពាន់លានដុល្លារ នៅត្រីមាសទី២ ឆ្នាំនេះ មានការធ្លាក់ចុះជិត៣% បើធៀបនឹងត្រីមាសទី១ ស្របពេលទំហំឥណទានមិនដំណើរការរបស់ធនាគារពាណិជ្ជទាំងនេះ នៅតែបន្តស្ថិតក្នុងស្ថានភាពអាក្រក់គួរឱ្យព្រួយបារម្ភ។
តែទោះជាយ៉ាងណាក៏ដោយប្រាក់ចំណេញជារួមរបស់ធនាគារពាណិជ្ជទាំងនេះ នៅពេញមួយឆមាសទី១ នៅតែរក្សាបានកំណើនជិត៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយទំហំប្រាក់ចំណេញប្រមាណ៤ពាន់១រយលានដុល្លារ។ ប៉ុន្តែធនាគារទាំងនេះ បារម្ភពីការធ្លាក់ប្រាក់ចំណេញរបស់ពួកគេនឹងបន្តអូសបន្លាយដល់ត្រីមាសទី៣ ដោយសារបញ្ហាសម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិក និងស្ថានភាពមិនទាន់មានលំនឹងនៃវិស័យទេសចរណ៍។
បើយោងតាមតួលេខផ្លូវការ នៅត្រីមាសទី២ ឆ្នាំ២០២៥ ឥណទានមិនដំណើរការរបស់ធនាគារពាណិជ្ជខាងលើមានទំហំប្រមាណ១ពាន់៧រយលានដុល្លារកើនឡើងជាង៥,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែយ៉ាងណាបើធៀបនឹងត្រីមាសទី១ ទំហំឥណទានមិនដំណើរការនេះមានការធ្លាក់ចុះបន្តិច តែគេបារម្ភថា ទំហំឥណទានមិនដំណើរការនេះអាចមានការកើនឡើងបន្ថែមទៀត ប្រសិនបើថៃ មិនអាចចរចាបញ្ចុះពន្ធបដិការជាមួយអាម៉េរិក បានទេនោះ។
នាយកប្រតិបត្តិធនាគារ SCB X Group លោក អាធិត ណាន់ថាវីថាយ៉ា ( Arthid Nanthawithaya) បានគូសបញ្ជាក់ថា ទោះបីជាមានភាពមិនច្បាស់លាស់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងវិបត្តិបំណុលគ្រួសារដែលអូសបន្លាយក៏ដោយ ក៏ធានាគារ SCB X Group នៅតែបន្តផ្តោតលើការជួយដល់ក្រុមកូនបំណុលទាំងអស់ដែលមានបញ្ហា តាមរយៈកម្មវិធី«អ្នករងគ្រោះយើងជួយអ្នក» ដើម្បីផ្តល់ឱកាសបន្ថែមទៀតសម្រាប់កូនបំណុលដែលងាយរងគ្រោះក្នុងការបង្កើនការខំប្រឹងប្រែងឡើងវិញ៕
ដោយៈ សរ សុជាតិ