លោកស្រី អៃរីន ផាន់រឹត (Airin Phanrit) អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ដោយសំអាងលើទិន្នន័យរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ថា អាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺនេះ ក្នុងចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងខេត្តចំនួន២៨ ដោយអ្នកជំងឺទាំងនោះ មានអាយុចាប់ពីក្រោម ៥ឆ្នាំ ដល់ ៩០ឆ្នាំ។ នេះបើតាមសារព័ត៌មាន បាងកក ប៉ុស្ដិ៍។
របាយការណ៍បានបន្ថែមថា អ្នកជំងឺភាគច្រើនជាបុរស ដែលមានអាយុចាប់ពី ៤០ ដល់ ៦០ឆ្នាំឡើងទៅ កត្តាប្រឈមសំខាន់ៗរួមមាន ធ្លាប់មានប្រវត្តិបរិភោគសាច់ជ្រូកឆៅ ឬមិនសូវឆ្អិន និងឈាមជ្រូកមិនទាន់ឆ្អិន ដែលប្រើប្រាស់នៅក្នុងមុខម្ហូបភូមិភាគឦសានថៃមួយចំនួន ដូចជា ឡាប កយ ឬប្រហិត និងការផឹកស្រារួមជាមួយម្ហូបដែលមានសាច់ជ្រូកឆៅ។
អ្នកដែលប្រឈមនឹងការឆ្លងមេរោគនេះ ១ក្រុមទៀត គឺអ្នកដែលកំពុងធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ឬទីសត្តឃាតដែលមិនបានពាក់ឧបករណ៍ការពារមេរោគ ជាពិសេសសម្រាប់អ្នកដែលមានស្នាមរបួស ឬស្នាមដាច់រលាត់នៅលើដៃ និងជើង។
ចំណែកខេត្តនៅក្នុងប្រទេសថៃ ដែលមានករណីឆ្លងច្រើនជាងគេ គឺខេត្តណាខនរ៉ាតស៊ីម៉ា បន្ទាប់មកគឺខេត្តភ្រែ ចាន់ប៊ូរី ឆៃយ៉ាភូមិ និងខេត្តសុរិន្ទ ជាប់ព្រំដែនប្រទេសកម្ពុជា។
អ្នកនាំពាក្យដដែលបានថ្លែងដាស់តឿនថា ចំពោះអ្នកដែលធ្វើការជាមួយសត្វជ្រូក គួរតែពាក់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ អ្នកមានស្នាមរបួសនៅលើដៃ ឬជើង គួរជៀសវាងប៉ះពាល់សត្វជ្រូក និងត្រូវលាងដៃ និងជើង ឬងូតទឹកឱ្យបានស្អាតបាតបន្ទាប់ពីប៉ះពាល់សត្វជ្រូករួច៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស