សន្ទស្សន៍ផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បានបង្ហាញពីការធ្លាក់ចុះ ២,៣% ចំណែកសន្ទស្សន៍ផ្សារហ៊ុន Topix បានធ្លាក់ចុះជិត១.៧%។ ការធ្លាក់ចុះផ្សារហ៊ុនទាំងនេះបានកើតឡើងចំពេលលោក នីល កាសខារី (Neel Kashkari) ប្រធានធនាគារកណ្ដាលអាម៉េរិក ប្រចាំទីក្រុងមីនេផូលីស នៃរដ្ឋមីនីសូតា បានបង្កើតឱ្យមានការសង្ស័យកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្ដាលនេះអាចនឹងលែងកាត់បន្ថយអត្រាការប្រាក់ទាំងស្រុងតែម្ដងប្រសិនបើអតិផរណានៅតែមិនព្រមធ្លាក់ចុះ។
ទន្ទឹមនេះការចំណាយក្នុងគ្រួសារនៅប្រទេសជប៉ុន ក្នុងខែកុម្ភៈ បានធ្លាក់ចុះ០,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានធ្លាក់ចុះតិចជាងការរំពឹងទុក ដែលរំពឹងនឹងមានការធ្លាក់ចុះរហូតដល់៣%។ មូលហេតុនៃការធ្លាក់ចុះតិចជាងការរំពឹងនេះ គឺដោយសារក្រុមសហជីពនៅជប៉ុន បានទទួលការដំឡើងប្រាក់ឈ្នួលប្រកបដោយសប្បុរសសម្រាប់កម្មករក្រោយពីមានការចរចាប្រាក់ឈ្នួលកាលពីខែមីនា ជាហេតុធ្វើឱ្យគេរំពឹងថា វាបានជួយបង្កើនការចំណាយរបស់អ្នកប្រើប្រាស់កាន់តែខ្លាំង។
ចំណែកនៅប្រទេសអូស្ត្រាលីឯណោះវិញ សន្ទស្សន៍ផ្សារមូលធន S&P បានបង្ហាញពីការធ្លាក់ចុះ០,៧២% នៅពេលបើកដំណើរការជួញដូរនៅថ្ងៃនេះ បន្ទាប់ពីប្រទេសនេះបានធ្លាក់ចុះ ២.២% នៃការនាំចេញសម្រាប់ខែកុម្ភៈ។
ទន្ទឹមនេះសន្ទស្សន៍ផ្សារហ៊ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះជិត១% បន្ទាប់ពីបានកើនឡើងនាំមុខគេនៅតំបន់អាស៊ីក្នុងកម្រិតដូចគ្នាកាលពីថ្ងៃម្សិលមិញ ខណៈដែលផ្សារហ៊ុន Kosdaq បានធ្លាក់ចុះ១,៥៦%។ ទោះយ៉ាងណាក៏ដោយ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ក្រុងហុងកុងក្រោយពីឈប់សម្រាកនៅថ្ងៃបុណ្យសាធារណៈហើយ បានកើនឡើង០,៤% ខណៈដែលទីផ្សារចិនដីគោក នៅតែបន្តបិទទ្វារនៅឡើយ៕