ធនាគារអភិវឌ្ឍន៍អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងតាមដានការវិវត្តស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយអាម៉េរិកដាក់ពន្ធ៤៩%


ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា នឹងបង្កើនការបន្តតាមដានស្ថានភាពនៃការដាក់ពន្ធរបស់អាម៉េរិកលើកម្ពុជា និងបណ្ដាប្រទេសនានានៅលើពិភពលោក ខណៈការរំពឹងពីកំណើនសេដ្ឋកិច្ចកម្ពុជាអាចរងការគំរាមកំហែងពីវិធានការពន្ធរបស់លោក ត្រាំ។ ការបង្កើនការតាមដានរបស់ ADB នេះធ្វើឡើងក្រោយសហរដ្ឋអាម៉េរិកបានដាក់ពន្ធគយលើទំនិញរបស់កម្ពុជារហូតដល់៤៩% ដែលខ្ពស់ជាងបណ្ដាប្រទេសនានានៅក្នុងតំបន់ ដែលអាចបង្កភាពរង្គោះរង្គើក្នុងការធ្វើពាណិជ្ជកម្ម។
ធនាគារអភិវឌ្ឍន៍អាស៊ី
ដោយ

នៅក្នុងវិធីផ្សព្វផ្សាយរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) សម្រាប់ខែមេសា ឆ្នាំ២០២៥ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ADB ពុំទាន់អាចវាយតម្លៃចំពោះផលប៉ះពាល់ដែលកើតចេញពីការដាក់ពន្ធលើទំនិញរបស់កម្ពុជាពីសំណាក់រដ្ឋាភិបាលអាម៉េរិកក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បាននៅឡើយទេ។ ប៉ុន្តែលោកស្រីបានអះអាងថា ADB នឹងបន្តឃ្លាំមើលលើបញ្ហានេះ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាគួរពង្រឹងទីផ្សារដែលមានស្រាប់នៅអឺរ៉ុប និងនៅក្នុងតំបន់ ព្រមទាំងពង្រីកទីផ្សារថ្មីបន្ថែមទៀត ខណៈទំនិញដែលត្រូវនាំចេញគួរផ្ដោតលើផលិតផលដែលមានតម្លៃថ្លៃ។

ជាមួយគ្នានេះលោក Malan Thomas សេដ្ឋវិទូរបស់ ADB ប្រចាំនៅកម្ពុជាបានវាយតម្លៃថា ការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសនានា អាចដោយសារតែសហរដ្ឋអាម៉េរិក ចង់ឱ្យថវិកាជាតិមានការកើនឡើង និងឱ្យការធ្វើពាណិជ្ជកម្មទ្វេភាគីរបស់ខ្លួនមានតុល្យភាពជាដើម។ នៅក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះ ក៏ពុំទាន់អាចវាយតម្លៃបែបណាមួយនៅឡើយដែរ។

ដោយឡែកលោក ឌួង ពូលឡង់ មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៃនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជា នៃធនាគារ ADB បានលើកឡើងថា មកទល់ពេលនេះពុំទាន់មានការវាយតម្លៃពីផលប៉ះពាល់លើការធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលបង្កឡើងដោយការដាក់ពន្ធរបស់អាម៉េរិកនៅឡើយទេ។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីកម្ពុជាបណ្ដាប្រទេសនានានៅក្នុងតំបន់ ក៏រងផលប៉ះពាល់ពីការដាក់ពន្ធរបស់អាម៉េរិកដែរ ខណៈប្រទេសចិនអាចរងផលប៉ះពាល់ខ្លាំងជាងគេ។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) សម្រាប់ខែមេសា ឆ្នាំ២០២៥ បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងកើនឡើង៦,១% នៅឆ្នាំ២០២៥ និង ៦,២% នៅឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង៦% ក្នុងឆ្នាំ២០២៤។ ប៉ុន្តែទស្សនវិស័យនេះ អាចប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាម៉េរិក អស្ថិរភាពទីផ្សារអចលនទ្រព្យនៅចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

សូមបញ្ជាក់ថា ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាសរបបពន្ធគយថ្មីរបស់រដ្ឋបាលសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះ គឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹមខែមីនា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែទស្សនវិស័យអភិវឌ្ឍន៍អាស៊ីគូសបញ្ជាក់ថា តួលេខនេះអាចនឹងមានការកែប្រែនៅពេលមានការប្រែប្រួលដោយសារការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិក៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


ពន្ធគយរបស់លោក ត្រាំ បានចូលជាធរមាន ដែលធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែឡើងកម្តៅ

ពន្ធគយបដិការ ឬពន្ធទៅវិញទៅមក ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់លើប្រទេស និងដែនដីសរុបជាង១៨០រួមទាំងពន្ធលើទំនិញចិន១០៤% ដែ…

រដ្ឋាភិបាល ដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន តើអ្នកជំនាញមានការយល់ឃើញបែបណា?

រដ្ឋាភិបាល បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ