
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា យល់ឃើញថា សង្រ្គាមពាណិជ្ជកម្មនឹងបង្កផលប៉ះពាល់ទាំងសងខាង ខណៈអ្នកដែលរងគ្រោះខ្លាំង គឺជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ដោយឡែកសម្រាប់វិស័យធនាគារនៅកម្ពុជា ត្រូវបានអ្នកជំនាញរូបនេះអះអាងថា នៅពុំទាន់ឃើញមានផលប៉ះពាល់ភ្លាមៗដោយសារសង្រ្គាមពាណិជ្ជកម្មនៅឡើយទេ ព្រោះកម្ពុជា នៅបន្តប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ការទូទាត់លើពាណិជ្ជកម្មអន្តរជាតិ ស្របពេលអត្រាការប្រាក់ត្រូវបានរក្សានៅដដែល។ ដើម្បីការពារហានិភ័យដែលអាចកើតមានពីការកំណត់ពន្ធរបស់សហរដ្ឋអាម៉េរិក លោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា មានតែការពឹងផ្អែកលើធនធានហិរញ្ញវត្ថុដែលមានក្នុងស្រុកប៉ុណ្ណោះ ខណៈធនធានដែលមានស្រាប់នេះអាចប្រើប្រាស់ទៅលើមូលបត្របំណុលសម្រាប់ផ្គត់ផ្គង់ដល់ការលូតលាស់ក្នុងវិស័យធនាគារ។
បើតាមប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា នៅក្នុងស្ថានភាពដ៏លំបាកនេះ ធនាគារអេស៊ីលីដា បានត្រៀមនូវផែនការមួយចំនួនដើម្បីបង្ការហានិភ័យ ខណៈផែនការទាំងនេះ គឺទាមទារឱ្យធនាគារមានភាពរឹងមាំលើកម្លាំងទុន គុណភាពទ្រព្យសកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម សម្រាប់គាំទ្រដល់ការលូតលាស់របស់ខ្លួន និងដល់អតិថិជន ព្រមទាំងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសដំឡើងពន្ធចន្លោះពី១០% រហូតដល់៤៩% លើប្រទេស និងដែនដីជាង១៨០ រួមទាំងកម្ពុជា ដែលរដ្ឋបាលរបស់លោក ត្រាំ អះអាងថា បានយកពន្ធខ្ពស់ ឬដាក់របាំងពាណិជ្ជកម្មខ្ពស់លើទំនិញរបស់សហរដ្ឋអាម៉េរិក។ គោលនយោបាយពន្ធរបស់សហរដ្ឋអាម៉េរិកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសជាច្រើននៅជុំវិញពិភពលោកបានប្រតិកម្ម និងប្ដេជ្ញាចាត់វិធានការ ។
អត្ថបទ៖ បូ ដូឡា