លោកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា សង្កេតឃើញថា កន្លងមកការធ្វើអាជីវកម្មទិញ-លក់ដំឡូងមីនៅកម្ពុជា ហាក់ពុំទាន់មាននីតិវិធីសមស្របនោះទេ ដូចជាគុណភាពដំឡូងមីធ្លាក់ចុះ មានលាយដី និងឬសស្មែង ការកាត់ភាគរយ អំពើបន្លំ ឬលួចភ្នែកជញ្ជឹង និងការបិទស្លាកតម្លៃលើមុខទំនិញមិនទាន់បានល្អប្រសើរជាដើម ដែលបញ្ហាទាំងនេះបានធ្វើឱ្យសិករ និងពាណិជ្ជករមួយចំនួនរងការខាតបង់ប្រាក់ចំណេញ បាត់ទីផ្សារក្នុងការនាំចេញ ខូចកេរ្តិ៍ឈ្មោះប្រទេស និងអាចឈានធ្វើឱ្យវិស័យដំឡូងមីនៅកម្ពុជា ទាំងមូលជួបវិបត្តិធ្ងន់ធ្ងរ។ ដូច្នេះហើយ ដើម្បីលុបបំបាត់នូវបញ្ហទាំងនេះ និងធានាតម្លៃដំឡូងមីឱ្យមានភាពល្អប្រសើរ សហព័ន្ធដំឡូងមីកម្ពុជា ណែនាំឱ្យកសិករដាំដុះដំឡូងមី និងអ្នកប្រកបមុខរបរទិញ-លក់ដំឡូងមី ត្រូវគោរពទៅតាមពីនីតិវិធីស្តង់ដានៃការទិញ-លក់ ដែលទទួលស្គាល់ដោយទីផ្សារអន្តរជាតិឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការទម្លាក់តម្លៃពីក្រុមហ៊ុនបញ្ជាទិញ។
ជុំវិញបញ្ហានេះដែរ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ទទួលស្គាល់ថា ការទិញលក់ដំឡូងមីមានលាយឡំជាមួយដី និងឬសស្មែងនេះបានកើតឡើងជាយូរមកហើយ ដែលវាជាបញ្ហាមួយជំរុញឱ្យទិន្នផលដំឡូងមីលក់ចេញមួយចំនួនទទួលបានតម្លៃទាប។ តែយ៉ាងណាប្រធានសមាគមរូបនេះបានឱ្យដឹងថា បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មដំឡូងមីកម្ពុជា មានភាពល្អប្រសើរជាងមុន តាមរយៈការដោះស្រាយបញ្ហាស្តង់ដាគុណភាពដំឡូងមី និងតម្លាភាពរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញជាដើម។
បើតាមការបញ្ជាក់របស់លោក អិល ឈិញ បច្ចុប្បន្នតម្លៃដំឡូងមីស្រស់របស់កម្ពុជា នៅដើមរដូវប្រមូលផលនេះ អាចលក់បានក្នុងតម្លៃចន្លោះពី២០០ទៅ៣៥០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់នីមួយៗ។ ខណៈទិន្នផលដំឡូងមីនៅឆ្នាំនេះវិញត្រូវបានប្រធានសមាគមរូបនេះអះអាងថា ហាក់មិនសូវទទួលបានទិន្នផលល្អនោះទេ ដោយសារកសិករកាត់បន្ថយការប្រើប្រាស់ជីថ្នាំ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម ក្រោយតម្លៃដំឡូងមីធ្លាក់ចុះកាលពីឆ្នាំមុន៕
អត្ថបទ សោម ស្រីពេជ្រ