ទីផ្សារដំឡូងមី

ដំឡូងមីមានតម្លៃល្អប្រសើរនៅដើមឆ្នាំនេះ ខណៈអ្នកជំនាញបារម្ភបញ្ហាខ្វះទឹកធ្វើឱ្យប៉ះពាល់ដល់ការដាំដុះ


ក្រុមមន្ត្រី និងអ្នកជំនាញកសិកម្មអះអាងថា ទីផ្សារតម្លៃដំឡូងមី នៅដើមឆ្នាំ២០២៤ នេះ នៅតែទទួលបានតម្លៃល្អគួរឱ្យកត់សម្គាល់ ខណៈទិន្នផលដំឡូងមីនៅឆ្នាំនេះទៀតសោត ក៏ទទួលបានផលល្អផងដែរ។ ជាក់ស្តែងតម្លៃដំឡូងមីស្រស់នៅតាមបណ្តាខេត្តមួយចំនួនជាមធ្យមអាចលក់បានក្នុងតម្លៃចន្លោះពី៣៦០រៀល ទៅ៣៨០រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីក្រៀមអាចលក់បានក្នុងតម្លៃជាង ៧រយរៀលទៅជិត៩រយរៀលក្នុងមួយគីឡូក្រាម។
ទីផ្សារដំឡូងមី
ដោយ

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករកំពុងមមារញឹកជាមួយការប្រមូលផលដំឡូមីរបស់ពួកគេ ដើម្បីលក់ឱ្យឈ្មួញសម្រាប់នាំចេញ។ បើតាមប្រធានមន្ទីររូបនេះ តម្លៃដំឡូមីនៅដើមឆ្នាំនេះនៅតែមានតម្លៃល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយមានការកើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន តួយ៉ាងដំឡូងមីស្រស់របស់ប្រជាកសិករក្នុងខេត្តព្រះវិហារ អាចលក់បានក្នុងតម្លៃប្រមាណ៣៨០រៀលក្នុងមួយគីឡូក្រាម និងដំឡូងមីក្រៀមអាចលក់បានតម្លៃប្រមាណជិត៩០០រៀល ក្នុងមួយគីឡូក្រាម។ ស្របពេលតម្លៃដំឡូមីនៅឆ្នាំនេះមានតម្លៃល្អហើយនោះ ទិន្និផលដំឡូងមីរបស់កសិករក្នុងខេត្តព្រះវិហារវិញ ក៏ទទួលបានទិន្នផលល្អប្រសើរផងដែរ។

ស្រដៀងគ្នានេះលោក ហេង សិទ្ធ ប្រធានការិយាល័យសេដ្ឋសាស្ត្រ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានញ្ជាក់ឱ្យដឹងដែរថា តម្លៃទីផ្សារដំឡូងមីនៅក្នុងខេត្តបាត់ដំបងនៅដើមឆ្នាំនេះក៏មានតម្លៃល្អជាងឆ្នាំមុនបន្តិចដែរ ដោយតម្លៃដំឡូងមីដែលប្រជាកសិករលក់បាននាពេលបច្ចុប្បន្ននេះ មានការកើនឡើងប្រមាណ៣០រៀល ក្នុងមួយគីឡូក្រាម ទាំងសម្រាប់ដំឡូងមីក្រៀម និងដំឡូងមីស្រស់​។ បើតាមមន្ត្រីជំនាញរូបនេះ គោលដៅនាំចេញដំឡូងមីនៅក្នុងខេត្តបាត់ដំបង ប្រមាណ៧០% ត្រូវនាំចេញទៅប្រទេសថៃ និងប្រមាណ៣០% ទៀត គឺសម្រាប់ប្រើប្រាស់ក្នុងស្រុក។

ជាមួយគ្នានេះ លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានវាយតម្លៃថា តម្លៃទីផ្សារដំឡូងមីជារួមនៅដើមឆ្នាំ២០២៤នេះ នៅតែរក្សាបាននូវតម្លៃល្អប្រសើរដដែល ទោះបីមានការប្រែប្រួលតិចតួចនៅក្នុងរយៈពេលខ្លីក៏ដោយ។ យ៉ាងណាមិញការដាំដុះដំណាំរបស់ប្រជាកសិករនាពេលបច្ចុប្បន្នវិញ ប្រធានសមាគមរូបនេះ កត់សម្កាល់ឃើញថា ក៏មានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសគឺបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពតែម្តង ដ្បិតថា ប្រសិនបើកម្ពុជារងនូវបាតុភូតអែលនីណូ ដែលអាចបង្កឱ្យមានរដូវប្រាំងវែងនៅឆ្នាំនេះនោះ ប្រធានសមាគមដំឡូងមីរូបនេះ ព្រួយបារម្ភថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការដាំដុះ ការប្រមូលផល ក៏ដូចជាការនាំចេញដំណាំដំឡូងមីនៅឆ្នាំនេះផងដែរ។ ប៉ុន្តែបើគ្មានការប្រែប្រួលដោយសារបញ្ហាអាកាសធាតុទេនោះ លោកជឿជាក់ថាផ្ទៃដីដាំដុះដំណាំដំឡូងមីរបស់ប្រជាកសិករនៅឆ្នាំនេះ នឹងមានការកើនឡើងប្រមាណ២០% ទៅ៣០% បន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាមានផ្ទៃដីសម្រាប់ដាំដុះដំណាំដំឡូងមីប្រមាណជិត១លានហិតតានៅទូទាំងប្រទេស។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញដំឡូងមីស្រស់កម្ពុជា សម្រេចបានជិត២លានតោន កើនឡើងជាង២៦% ខណៈការនាំចេញចំណិតដំឡូងមីក្រៀម សម្រេចបានជាង១លាន២សែនតោន ថយចុះជាង៣៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាត្រូវការរោងចក្រកែច្នៃធុនមធ្យមយ៉ាងតិច៣០ទៀត ដើម្បីអាចរក្សាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទី

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mirath Agri Tech ដែលវិនិយោគដោយវិនិយោគិនជប៉ុន កំពុងសាងសង់រោងចក្រកែច្នៃ…

សម្តេចធិបតីថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានអ្នកណាទេ ហើយក៏មិនឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះដែរ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការបំពាក់នូវគ្រឿងយុទ្ធោបករណ៍ដ៏សម្បូរបែបរបស់កម្ពុជា គឺដើម្បីពង្រឹងសមត្ថភាពការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ