
គ្រួសាររាជវង្ស ដែលកំពុងកាន់អំណាចនៅប្រទេសកាតាគ្រោងផ្តល់យន្តហោះ Boeing 747-8 ជាអំណោយដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកពេលលោកមកបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ានាពេលដ៏ខ្លីខាងមុខនេះ។ តែយ៉ាងណារដ្ឋាភិបាកកាតាបានអះអាងថា ការសម្រេចចិត្តចុងក្រោយក្នុងការប្រគល់ និងទទួលយន្តហោះថ្មីនេះនៅមិនទាន់ធ្វើឡើងនៅឡើយទេមកដល់ពេលនេះ ប៉ុន្តែលោក ត្រាំ បានបង្ហាញបំណងចង់ទទួលយកយន្តហោះ ដែលមានតម្លៃប្រមាណ៤០០លានដុល្លារនេះ។
សារព័ត៌មាន ABC News បានចុះផ្សាយថា តាមការរំពឹងទុកលោក ត្រាំ អាចនឹងប្រើប្រាស់យន្តហោះនេះជាយន្តហោះប្រធានាធិបតី មុនពេលលោកចាកចេញពីតំណែងនៅខែមករា ឆ្នាំ២០២៩។ អំណោយនេះត្រូវបានគេរំពឹងថា នឹងប្រកាសនៅពេលលោក ត្រាំ ធ្វើទស្សនកិច្ចនៅប្រទេសកាតា ដែលជាផ្នែកមួយនៃការធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ារបស់លោក។
ជុំវិញព័ត៌មាននេះ សាធារណមតិហាក់មិនគាំទ្រនោះទេ ដោយមេដឹកនាំសំឡេងភាគតិចនៅព្រឹទ្ធសភា លោក ឆាក់ ស្គីមម័រ ( Chuck Schumer ) បានសើចចំអកនៅពាក្យស្លោកនយោបាយ "American First" របស់លោក ត្រាំ។ លោកបានចាត់ទុកការទទួលយកយន្តហោះនេះវាមិនខុសពីការស៊ីសំណូកនោះទេ។
យន្តហោះ Air Force One ជាយន្តហោះ Boeing 747 ដែលត្រូវបានផលិត និងបំពាក់ដោយឧបរកណ៍សុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើន។ យន្តហោះប្រភេទនេះមានពីរគ្រឿង ហើយវាត្រូវប្រធានាធិបតីប្រើប្រាស់យន្តហោះទាំងពីរនេះប្រមាណជាង៣០ឆ្នាំមកហើយ។ យន្តហោះទាំងពីរគ្រឿងនេះបានបំពាក់ដោយប្រព័ន្ធទំនាក់ទំនងជាច្រើន ដើម្បីអនុញ្ញាតឱ្យប្រធានាធិបតីរក្សាទំនាក់ទំនងជាមួយយោធា និងចេញបញ្ជាពីគ្រប់ទិសទីក្នុងពិភពលោក។
កន្លងមកក្រុមហ៊ុន Boeing បានទទួលកិច្ចសន្យាផលិតយន្តហោះថ្មីសម្រាប់ប្រធានាធិបតី ប៉ុន្តែត្រូវបានពន្យារពេល ខណៈក្រុមហ៊ុននេះបានប្រឈមមុខនឹងការខាតបង់រាប់ពាន់លានដុល្លារលើគម្រោងនេះ៕
ដោយៈ សរ សុជាតិ