អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចវាយតម្លៃថា កំណើននាំចូលប្រេងឥន្ធនៈរបស់កម្ពុជានេះ គឺអាចបណ្តាលមកពីកម្ពុជាបង្កើនការនាំចូលប្រេង ដើម្បីស្តុកទុកក្នុងការធានាសន្និធិប្រេងសម្រាប់ប្រើប្រាស់ ក្រោយមើលឃើញពីវិបត្តិប្រេងឥន្ធនៈសកល។ មួយវិញទៀតតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក្នុងស្រុកមានកើនឡើង ក្រោយកម្ពុជាបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។
ព្រឹត្តិបត្តិស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា បានបង្ហាញពីស្ថានភាពនៃការនាំចូលប្រេងឥន្ធនៈ និងសន្ទស្សន៍ថ្លៃប្រេងឥន្ធនៈនៅកម្ពុជា។ ក្នុងនោះ កម្ពុជាបាននាំចូលប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើឲ្យខ្សែចង្វាក់ផលិតកម្មមានតម្លៃសរុបជាង ៥៨០លានដុល្លារ កើនឡើង៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពាក់ព័ន្ធកំណើននាំចូលប្រេងឥន្ធនៈរបស់កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការកើនឡើងនេះទំនងមកពីរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុននាំចូលបានបង្កើនការនាំចូលប្រេងឥន្ធនៈ ដើម្បីធានាសន្និធិប្រេងសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ និងខ្សែចង្វាក់ផលិតកម្មក្នុងស្រុក ស្របពេលពិភពលោកកំពុងមានហានិភ័យខ្ពស់ពាក់ព័ន្ធបញ្ហាប្រេងឥន្ធនៈ។ ហើយការបង្កើនការនាំចូលប្រេងនេះទៀតសោត គឺវាបានបង្ហាញពីការគិតគូ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសន្និធិប្រេង ដើម្បីកុំឲ្យកម្ពុជាធ្លាក់ក្នុងវិបត្តិខ្វះប្រេងសម្រាប់ប្រើប្រាស់ដូចបណ្តាប្រទេសមួយចំនួនដូចស្រីលង្កា និងឡាវជាដើម។
ទន្ទឹមនឹងនេះលោកបណ្ឌិត ហុង វណ្ណៈ បានលើកជាទស្សនៈផ្ទាល់ខ្លួនថា វានឹងរឹតតែល្អបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ប្រសិនបើរាជរដ្ឋាភិបាលអាចស្វែងរកប្រភពទិញប្រេងបន្ថែម ដែលមានតម្លៃថោកជាងតម្លៃប្រេងនាំចូលនាពេលបច្ចុប្បន្ន ព្រោះបញ្ហានេះវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់អ្នករកស៊ី និងប្រជាពលរដ្ឋទូទៅ តាមរយៈការកាត់បន្ថយការចំណាយមួយកម្រិតលើបញ្ហាប្រេងឥន្ធនៈ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះព្រមានដែរថា តម្លៃប្រេងឥន្ធនៈនឹងបន្តកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលបន្តស្ថិតក្នុងស្ថានភាពដូចបច្ចុប្បន្ន។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបានបង្ហាញឲ្យឃើញដែរថា អតិផរណាមធ្យមប្រចាំត្រីមាសទី១ឆ្នាំ២០២២ មានអត្រា ៥,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះសន្ទស្សន៍ថ្លៃប្រេងសាំងធម្មតាបានកើនឡើងជាង៣៧% និងប្រេងម៉ាស៊ូតកើន៤៤%។ បច្ចុប្បន្នសាំងធម្មតាលក់ចេញក្នុងតម្លៃ៥,៨០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត៦,៣០០រៀលក្នុង១លីត្រ ហើយតម្លៃនេះនឹងបន្តលក់រហូតដល់ដំណាច់ខែមិថុនា។ ទោះបី អតិផរណាមានការកើនឡើង ប៉ុន្ដែ បើមើលទៅលើអត្រាប្តូរប្រាក់ជាមធ្យមវិញ គឺមិនមានការប្រែប្រួលខ្លាំងនោះ ពោលគឺ ៤០៧២រៀល អាចដូរបាន១ដុល្លារអាមេរិក មានការកើនឡើង០,១%។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចនៅតែមានជំនឿថា សេដ្ឋកិច្ចកម្ពុជា នឹងរក្សាមានកំណើន ៥,៤%ក្នុងឆ្នាំ២០២២នេះ បើទោះបីជារងការប៉ះទង្គិច ដោយប្រយោលពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៍ដោយ។ ការរក្សាបានកំណើនេះ គឺដោយសារតែទីផ្សារធំៗ របស់កម្ពុជានៅតែមានតម្រូវការ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក បាននិងកំពុងងើបឡើងជាបណ្តើរៗ។
ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើង តាមរយៈការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលការនាំចេញបន្តមានកំណើនល្អ លើការនាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ ដូចជាកង់, ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត៕