បើតាមរដ្ឋមន្ត្រីកសួងពាណិជ្ជកម្មកម្ពុជាអះអាង នៅអំឡុងពេលមេរោគរាតត្បាតនេះ ការធ្វើពាណិជ្ជកម្មកាន់តែច្រើនឡើងបានចាប់ងាកមករកប្រតិបត្តិការតាមឌីជីថល ខណៈដែលបច្ចុប្បន្នកម្ពុជាក៏កំពុងមានគោលនយោបាយដើម្បីជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថលនេះផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ីរ៉ុប លើកទី១ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា នៅក្នុងអំឡុងពេលនៃវិបត្តិការឆ្លងរីករាលត្បាតនៃជំងឺកូវីដ-១៩ នេះ វាបានប្រែក្លាយសកម្មភាពពាណិជ្ជកម្មជាច្រើនមិនថាកម្ពុជាឬបណ្ដាប្រទេសផ្សេងទៀតនោះទេ មកធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធអេឡិចត្រូនិក ឬឌីជីថលវិញ ដែលបានធ្វើឲ្យមានការផ្លាស់ប្ដូររបៀបធ្វើធុរកិច្ច និងបានបង្ហាញថា ប្រជាជនមានឆន្ទៈក្នុងការផ្សាភ្ជាប់ជាមួយប្រតិបត្តិការឌីជីថលច្រើនជាងពេលណាទាំងអស់។
ទន្ទឹមនេះផងដែរ កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយកំពុងរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមានគោលបំណង ផ្តោតទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់បច្ចេកវិទ្យា និងនវានុវត្តន៍។
កាលនុវត្តភាពនេះ វាចាំបាច់ណាស់សម្រាប់កម្ពុជាក្នុងការច្បាមយកនូវនិន្នាការបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីបង្រួមគម្លាតនៃឧបករណ៍ឌីជីថល រវាងកម្ពុជាជាមួយប្រទេសអភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើនលទ្ធភាពឱ្យពលរដ្ឋកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការធ្វើបរិវត្តកម្មឌីជីថល ដើម្បីជួយជំរុញបន្ថែមដល់សេដ្ចកិច្ចកម្ពុជាបន្ថែមទៀតផងដែរ។
សូមជម្រាបថា បើទោះបីជាកម្ពុជាស្ថិតនៅក្នុងបរិបទនៃមេរោគកូវីដ-១៩ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងកើនឡើងក្នុងរង្វង់៣%នៅឆ្នាំ២០២១ នឹងបន្ដកើនឡើងលើស៥%នៅឆ្នាំ២០២២៕