ការលើកឡើងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្រោយមានការលើកឡើងការអភិវឌ្ឍគម្រោងនេះបង្កប់ដោយរឿងអាថ៌កំបាំងមួយចំនួន។ បើតាមការវាយតម្លៃរបស់មន្ត្រី និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន គម្រោងព្រែកជីកហ្វូណនតេជោដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារនឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០ទៅ៣០%។
នាពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿង នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជុំវិញគោលបំណងនៃការអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់កំពង់ផែខេត្តកែប។ សម្តេចធិបតីអះអាងថា ការអភិវឌ្ឍន៍គម្រោងផ្លូវដឹកជញ្ជូនតាមផ្លូវទឹក ដែលមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រនេះ គ្មានអាថ៌កំបាំងអ្វីនោះទេ ពោលគឺធ្វើឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់អមសងខាងផ្លូវនេះតែប៉ុណ្ណោះ។ ការចេញមកអះអាងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្រោយមានអ្នកវិភាគដែលមាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាលមួយចំនួនបានលើកឡើងថា ការអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ភ្ជាប់ពីទឹកសាបទៅកាន់សមុទ្រនេះធ្វើឡើងក្រោមអាថ៌នេះអាថ៌កំបាំងនោះជាដើម។
ជុំវិញការអភិវឌ្ឍគម្រោងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗបានប្រាប់ភាគីវៀតណាមថា ការអភិវឌ្ឍផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ មិនបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹកទន្លេមេគង្គ និងទន្លេផ្សេងៗនោះទេ។ បន្ថែមលើនេះ គម្រោងនេះអាចរក្សាបាននូវបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវចម្រុះផងដែរ។
គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»ដែលតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែ សមុទ្រខេត្តកែប មានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិក ជាមួយរយៈពេលសាងសង់៤ឆ្នាំ។ បើគ្មានការប្រែប្រួលទេគម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះ។ គម្រោងនេះនឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាម បានប្រមាណ៦៩គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ ជាពិសេសវាអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០ទៅ៣០%។
លើសពីនេះ គម្រោងនេះនឹងជួយបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ជួយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ជួយជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងជួយជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕