អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកការសម្រេចបានទំហំទឹកប្រាក់ជាង៣២ពាន់លានដុល្លារពីការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសពីឆ្នាំ២០១១ដល់ខែតុលា ឆ្នាំ២០២៤ វាបានបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ជាពិសេសវាបានសបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើនផ្នែកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ហើយវាក៏បានបញ្ជាក់ពីភាពជឿទុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះផងដែរ។ បើតាមអ្នកជំនាញរូបនេះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិនិយោគិនអាចទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលជាច្រើន តាមរយៈការលើកទឹកចិត្តមួយចំនួនពីរាជរដ្ឋាភិបាលដូចជាផ្អែកពន្ធដារជាដើម។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបានជំរុញការទាក់ទាញការវិនិយោគពីបរទេសជាច្រើនចូលមកកម្ពុជា ក៏ដូចជាបង្កើនការនាំចេញផងដែរ។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើននៅកម្ពុជានោះ គឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់វិនិយោគិនដែលមកវិនិយោគនៅកម្ពុជា រាប់ចាប់តាំងពីដំណើរការចុះបញ្ជីរហូតដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយសុវត្ថិភាព និងភាពអំណោយផល។ បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតផងដែរ ពិសេសនៅតាមតំបន់ព្រំដែន ដើម្បីចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២៨ ជាមួយគម្រោងវិនិយោគសរុប៨០៤ គម្រោង និងទុនវិនិយោគសរុបជាង១០ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ២០០៦ ដល់ត្រឹមត្រីមាសទី១ឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ គិតនៅក្នុងរយៈពេល១០ខែដំបូង ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៧ផងដែរ។ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ