សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនទាបត្រឹមតែប្រមាណចន្លោះពី១,៥% ទៅ២% ប៉ុណ្ណោះ ដែលជាកម្រិតខ្សោយបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ភាពតានតឹងពាណិជ្ជកម្ម គោលនយោបាយសហរដ្ឋអាម៉េរិក មិនប្រាកដប្រជា និងការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីទំនិញនាំចូល គឺជាហានិភ័យចម្បងៗ ដែលសេដ្ឋកិច្ចកំពុងជួបប្រទះ។ ការពឹងផ្អែកខ្លាំងលើការនាំចេញរបស់ខ្លួន ធ្វើឱ្យប្រទេសថៃ ងាយរងគ្រោះខ្លាំង។
ការនាំចេញអាចនឹងថយចុះនៅឆ្នាំ២០២៧ ខណៈរោងចក្រនានា ប្រឈមមុខនឹងសម្ពាធពីទំនិញនាំចូលថោកៗ។ អាជីវកម្មខ្នាតតូច និងមធ្យមនៅប្រទេសថៃ នៅតែបន្តត្រដាបត្រដួសដោយសារបំណុល និងតម្រូវការធ្លាក់ចុះ។ បំណុលពលរដ្ឋ ភាពមិនប្រាកដប្រជាខាងនយោបាយ គ្រោះទឹកជំនន់ និងជម្លោះព្រំដែនជាមួយកម្ពុជា ក៏កំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ផងដែរ។
សហព័ន្ធឧស្សាហកម្មថៃ យល់ឃើញថា ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែឆាប់រហ័ស នឹងជួយពង្រីកទីផ្សារនាំចេញ និងបង្កើនភាពប្រកួតប្រជែងរបស់ថៃ។ ទន្ទឹមនឹងនេះ សហព័ន្ធឧស្សាហកម្មថៃ ក៏បានអំពាវនាវឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធផងដែរ ដើម្បីបន្ថែមតម្លៃដល់ការផលិត ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ គាំទ្រផលិតផលផលិតក្នុងស្រុក និងវិនិយោគលើបច្ចេកវិទ្យា ថាមពលស្អាត និងនវានុវត្តន៍។
ទោះបីជាមានហានិភ័យយ៉ាងណាក៏ដោយ ក៏មានការព្យាករថា នឹងការបោះទុនវិនិយោគមួយចំនួននៅក្នុងវិស័យនានា ដូចជាឧស្សាហកម្មឌីជីថល យានយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិកការកែច្នៃម្ហូបអាហារ និងថាមពលស្អាតជាដើម។ សហព័ន្ធឧស្សាហកម្មថៃ ចាត់ទុកឆ្នាំ២០២៦ ជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសថៃ ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងកសាងអនាគតដែលមានស្ថិរភាពជាងនេះ៕
ដោយ: តែម សុខុម