វិស័យហិរញ្ញវត្ថុ

តើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានដើរតួនាទីសំខាន់យ៉ាងណាក្នុងការជួយស្តារអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈម?


សង្រ្គាមពាណិជ្ជកម្ម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។ ភាពមិនប្រាកដប្រជានេះបានធ្វើឱ្យអាជីវកម្មមួយចំនួនបានជួបបញ្ហាប្រឈម ដែលបានជំរុញឱ្យពួកគេត្រូវប្រើប្រាស់ឥណទានពីវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីក និងទប់ទល់ផលប៉ះពាល់នានា។ តើវិស័យធនាគារ និងហិរញ្ញវត្ថុបានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយស្ដារអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងការគំរាមកំហែងពីបញ្ហាខាងក្នុង និងខាងក្រៅ?
វិស័យហិរញ្ញវត្ថុ
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នៅក្នុងស្ថានភាពបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយផ្ដល់ជាដើមទុនសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម( SME) ដើម្បីឱ្យខ្សែច្រវាក់ផលិតកម្មមានដំណើរការប្រកបដោយនិរន្តរភាព និងផ្ដល់ការងារដល់ពលរដ្ឋ។ ទន្ទឹមនេះ វិស័យសំខាន់នេះ ក៏បានក្លាយជាចលករក្នុងការជួយជំរុញដល់ការរីកចម្រើនរបស់វិស័យ SME ដែលកំពុងត្រូវការដើមទុន ដើម្បីពង្រីកផលិតកម្មឱ្យឆ្លើយតបនឹងកំណើនតម្រូវការក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការផលិតផលថៃ ផងដែរ។

​ស្រដៀងគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា នៅក្នុងបរិបទបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានតួនាទីសំខាន់ណាស់ក្នុងការជួយគាំទ្រដល់អាជីវកម្មឱ្យឆ្លងកាត់បញ្ហាប្រឈម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ បើតាមអ្នកជំនាញរូបនេះ ស្ថាប័នហិរញ្ញវត្ថុអាចជួយដល់អាជីវកម្មនានា តាមរយៈការផ្ដល់ឥណទានតម្លៃសមរម្យ និងមានភាពបត់បែន, សម្រួលការទូទាត់ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការផ្ដល់ឥណទានដល់វិស័យសំខាន់ៗជាដើម។ ការណ៍នេះ ត្រូវបានលោកបណ្ឌិត ឌុច ដារិន្ទ លើកឡើងថា ការជួយគាំទ្ររបស់វិស័យហិរញ្ញវត្ថុបានរួមចំណែកធ្វើឱ្យអាជីវកម្មមានការរីកចម្រើន ហើយមូលដ្ឋានសេដ្ឋកិច្ចជាតិ មានភាពធន់ និងកាន់តែទាក់ទាញការវិនិយោគបន្ថែមផងដែរ។

​វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅអំឡុងពេលសេដ្ឋកិច្ចជួបបញ្ហាប្រឈមនានាពីវិបត្តិខាងក្រៅ។ ធនាគារជាតិនៃកម្ពុជាជឿជាក់ថា នៅឆ្នាំ២០២៥ ប្រព័ន្ធធនាគារនៅកម្ពុជានឹងបន្តរក្សាបានភាពរឹងមាំ និងដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រសកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន ដែលរំពឹងថា នឹងកើនឡើងក្នុងអត្រាមធ្យម៦% ដែលជួយបង្កើនការវិនិយោគ និងការប្រើប្រាស់៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


លោក ត្រាំ គ្រោងស្កាត់ទៅជួបលោក ស៊ី នៅទីក្រុងប៉េកាំង ក្រោយបានជជែកគ្នាតាមទូរសព្ទ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងស្កាត់ទៅជួបជជែកគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង នាពេលខាងមុខ…

វិស័យវាយតម្លៃអចលនវត្ថុកំពុងដើរថយក្រោយ បន្ទាប់ពីមានគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបង្កើតក្រុមអ្នកវាយតម្លៃផ្ទៃក្នុងផ្ទាល់ខ្លួន

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា បច្ចុប្បន្នមានស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានបង្កើតក្រុមអ្នកវាយតម្លៃផ្ទៃក្នុងផ្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ