គ្រោះទឹកជំនន់

វិបត្តិគ្រោះទឹកជំនន់កំពុងក្លាយជាវិញ្ញាសារដ៏គ្រោះថ្នាក់សម្រាប់លោក អានុទីន


នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងចំពោះការឆ្លើយតបយឺតយ៉ាវក្នុងការដោះស្រាយវិបត្តិទឹកជំនន់ ដែលកំពុងកើតឡើងនៅខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃ ដែលអាចធ្វើឱ្យលោកបាត់បង់សន្លឹកឆ្នោតក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៦ ហើយនាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែងរូបនេះ ក៏កំពុងរងសម្ពាធនយោបាយកាន់តែខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
គ្រោះទឹកជំនន់
ដោយ

វិបត្តិទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តហាតយ៉ៃ និងខេត្តសុងក្លា នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធំបំផុតមិនធ្លាប់ក្នុងពេលជាច្រើនមកនេះ ដែលជំរុញឱ្យនាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែងរបស់ថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) អំពាវនាវឱ្យបង្កើតច្បាប់បន្ទាន់មួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។ ទោះជាយ៉ាងណា ទំនុកចិត្តលើរដ្ឋាភិបាលរបស់លោក អានុទីន ក្នុងការដោះស្រាយវិបត្តិនេះបានធ្លាក់ចុះជាខ្លាំង ខណៈកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលចំពោះវិបត្តិនេះ ដោយបានចោទជាសំណួរថា តើរដ្ឋាភិបាលមិនបានត្រៀមខ្លួនគ្រប់គ្រាន់ទេឬ ក្នុងការដោះស្រាយគ្រោះមហន្តរាយទ្រង់ទ្រាយធំបែបនេះ។

ក្រុមអ្នករិះគន់បានសួរដោយផ្ទាល់ទៅកាន់លោក អានុទីន ថា តើកង្វះការត្រៀមខ្លួនរបស់រដ្ឋាភិបាល គឺជាមូលហេតុចម្បងធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើងឬយ៉ាងណា។ ការឆ្លើយតបយឺតយ៉ាវនេះត្រូវបានគេមើលឃើញថា គ្រាន់តែជាការសម្រាលបញ្ហាដោយមិនបានដោះស្រាយបញ្ហាស្នូលតែប៉ុណ្ណោះ។ ក្រុមអ្នករិះគន់ ក៏បានលើកឡើងអំពីកង្វះទំនាក់ទំនងរបស់រដ្ឋាភិបាលក្នុងការផ្ដល់ដំណឹងដល់ប្រជាជននៅមុនពេលវិបត្តិនេះបានកើតឡើង ខណៈការព្យាករអាកាសធាតុបានបង្ហាញយ៉ាងច្បាស់ថា វានឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាទឹកជំនន់។ ប្រសិនបើរដ្ឋាភិបាលបានជូនដំណឹងដល់ពលរដ្ឋមូលដ្ឋាន និងជម្លៀសពួកគេទាន់ពេលវេលា ម្ល៉េះពួកគេនឹងមិនខាតបង់ទ្រព្យសម្បត្តិច្រើន និងជាប់គាំងនៅក្នុងផ្ទះនោះដែរ។

វិបត្តិនេះអាចក្លាយជាការវាយប្រហារនយោបាយដ៏សំខាន់មួយសម្រាប់លោក អានុទីន ជាពិសេសក្នុងចំណោមជនរងគ្រោះដោយសារទឹកជំនន់ និងប្រជាជនទូទៅ ព្រោះវាបើកឱកាសឱ្យលោកប្រឈមនឹងការរិះគន់ក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២៦ ដោយមនុស្សជាច្រើនចោទសួរអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងវិបត្តិនាពេលអនាគតប្រកបដោយប្រសិទ្ធភាព។

ស្របពេលការបោះឆ្នោតឆ្នាំ២០២៦ កាន់តែខិតជិតមកដល់ សំណួរនៅតែធ្លាក់មកថា តើលោក អានុទីន អាចប្រែក្លាយវិបត្តិនេះទៅជាឱកាសបានដែរឬយ៉ាងណា ឬថា តើរដ្ឋាភិបាលរបស់លោកនឹងលិចលង់បន្ថែមទៀតជាមួយវិបត្តិនេះ។ ស្ថានភាពនេះនឹងក្លាយជាការសាកល្បងដ៏សំខាន់មួយអំពីរបៀប ដែលប្រជាជននៅភាគខាងត្បូង និងប្រទេសដទៃទៀតមើលឃើញអំពីរបៀប ដោះស្រាយបញ្ហាជាតិ និងទំនាក់ទំនងរបស់រដ្ឋាភិបាលក្នុងពេលមានវិបត្តិកើតឡើង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើចិន ហ៊ានប្រើសន្លឹកបៀរទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់សម្ពាធលើជប៉ុនដែរទេ?

ជម្លោះនយោបាយការទូតរវាងចិន និងជប៉ុន ដែលសុទ្ធតែជាកំពូលមហាអំណាចទាំងពីរនៅតំបន់អាស៊ីកំពុងឡើងកម្ដៅដូចបាយពុះ ប៉ុន្តែចិន ដែលជាមហាអំណាចលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ