សិ្ថតិពីនាយកដ្ឋានការងារឧស្សាហកម្ម និងក្រុមហ៊ុនស្រាវជ្រាវមួយបានបង្ហាញថា គិតចាប់ពីឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ មានរោងចក្រជាង៣ពាន់៥រយរោងចក្រ ត្រូវបានបិទទ្វារនៅទូទាំងប្រទេសថៃ។ ចំនួនរោងចក្របិទទ្វារនេះ គឺស្ថិតក្នុងស្ថានភាគួរឲ្យព្រួយបារម្ភ ស្របពេលដែលនៅ៥ខែដើមឆ្នាំ២០២៤ មានរោងចក្ររហូតដល់ជិត៥០០កន្លែង ត្រូវបានបិទទ្វារ។ នៅដើមឆ្នាំ២០២៤ នេះ ជាមធ្យមក្នុង១ខែ មានរោងចក្របិទទ្វាររហូតដល់់ទៅ៩៧រោងចក្រ ខណៈកាលពីឆ្នាំ២០២១ ក្នុង១ខែមានរោងចក្របិទទ្វារត្រឹមតែ៥៧រោងចក្រប៉ុណ្ណោះ។
ភាគច្រើននៃរោងចក្រដែលបានបិទទ្វារទាំងនេះ គឺស្ថិតក្នុងវិស័យផលិតកម្មផលិតផលផ្លាស្ទិក ផលិតផលស្បែក កៅស៊ូ អាហារ គ្រឿងម៉ាស៊ីន មេកានិច ផលិតផលដែក និងផលិតផលកែច្នៃឈើ ដែលសុទ្ធសឹងតែជាទំនិញកំពុងតែត្រូវបានទន្រ្ទាន ដោយទំនិញដែលបានលុកលុយចូលក្នុងប្រទេសតាមរយៈទីផ្សារអនឡាញ ដែលជនជោរដោយទំនិញចិន។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញបារម្ភថា រោងចក្រនៅថៃច្រើនទៀតទំនងជានឹងបិទទ្វារនាពេលខាងមុខ។
លោក គ្រៀនក្រៃ ធៀនូគុល ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានអះអាងថា ក្រុមហ៊ុនផលិតក្នុងស្រុកប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីទំនិញនាំចូលតម្លៃទាប ជាពិសេសពីប្រទេសចិន ដែលបានជន់ជោរក្នុងទីផ្សារ តាមរយៈបណ្តាញទាំងស្របច្បាប់ និងខុសច្បាប់ និងកំណើននៃទីផ្សារលក់រាយតាមអនឡាញនានា។
យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ឧស្សាហកម្មនៅក្នុងប្រទេសថៃ ភាគច្រើននៅតែមានលក្ខណៈប្រពៃណី និងមិនស្របតាមនិន្នាការពិភពលោកទំនើប ដែលកត្តានេះនឹងធ្វើឱ្យផលិតផលិតផលមានតម្លៃថោកមកពីប្រទេសជិតខាងដូចជាវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីហូរចូលទីផ្សារប្រទេសថៃផងដែរ។
ក្រៅពីបញ្ហាលំហូរចូលទំនិញមានតម្លៃថោកពីក្រៅប្រទេស ថៃក៏កំពុងប្រឈមមុខនឹងបញ្ហាថ្លៃដើមដូចជាអគ្គិសនី កម្លាំងពលកម្ម និងកង្វះកម្លាំងពលកម្មបម្រើឱ្យផលិតកម្ម ដោយសារចំនួនប្រជាជនវ័យចំណាស់ ដែលនាំឱ្យមានការពឹងផ្អែកលើកម្លាំងពលកម្មបរទេស ដូច្នេះវាកាត់បន្ថយការប្រកួតប្រជែង ខណៈរោងចក្រផលិតសម្លៀកបំពាក់មួយចំនួន បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសជិតខាង ដែលមានកម្លាំងពលកម្មថោក៕
ដោយៈ សរ សុជាតិ