
ការដាក់ពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងការដាក់ពន្ធឆ្លើយតបជាបន្តបន្ទាប់ដោយប្រទេសនានា កំពុងបង្កើតជាស្រមោលខ្មៅ និងផលវិបាកសម្រាប់សេដ្ឋកិច្ចពិភពលោក។ ទីផ្សារភាគហ៊ុននៅជុំវិញពិភពលោកបានធ្លាក់ចុះជាបន្តបន្ទាប់ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០ នៅជុំវិញពិភពលោក។
ទោះបីវិធានការពន្ធនេះ បានធ្វើឱ្យពិភពលោករងការជ្រួលច្របល់ក៏ដោយ តែលោក ត្រាំ និងរដ្ឋបាលរបស់លោក នៅតែបន្តប្តេជ្ញាអនុវត្តវិធានការពន្ធគយទៅវិញទៅមកនេះ ដោយគ្មានដកថយ ដោយលើកឡើងថា វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការឲ្យសហរដ្ឋអាម៉េរិក ដកថយពីអ្វី ដែលខ្លួនប្រកាសដាក់ចេញ។ វិធានការពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ បានទាក់ទាញការប្រតិកម្មពីប្រទេសនានា យ៉ាងខ្លាំង ហើយប្រទេសខ្លះ ក៏បានប្រកាសដាក់ពន្ធគយសងសឹកវិញផងដែរ។
ជាក់ស្តែងសហរដ្ឋអាម៉េរិក ដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់អាម៉េរិក បានប្រកាសដាក់ពន្ធគយលើទំនិញរបស់អាម៉េរិក មានតម្លៃរហូតដល់២៨ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងវិធានការពន្ធរបស់លោក ដូណាល់ ត្រាំ។ ក្រៅពីសហភាពអឺរ៉ុប ប្រទេសចិន និងកាណាដា ក៏បានប្រកាសដាក់ពន្ធលើទំនិញរបស់អាម៉េរិក ផងដែរ។
ក្រោយការប្រកាសដាក់ចេញគោលនយោបាយពន្ធគយទៅវិញទៅមករបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារភាគហ៊ុននៅអាម៉េរិក រងការរង្គោះរង្គើយ៉ាងខ្លាំងខាតបង់រហូតដល់ជាង២,៧ទ្រីលានដុល្លារអាម៉េរិក ដែលជាខាតបង់ដ៏ធ្ងន់ធ្ងរបំផុត។ ទន្ទឹមនឹងនេះ អ្នកជំនាញព្យាករថា ទីផ្សារភាគហ៊ុននៅអាម៉េរិក អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ខណៈកាលពីថ្ងៃទី៦ ខែមេសា កន្លងទៅ វាបានធ្លាក់ចុះប្រមាណ៤% រួចទៅហើយ។
តែយ៉ាងណារដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាម៉េរិក លោក ស្កុត បេសិន ( Scott Bessent) បានច្រានចោលការព្រួយបារម្ភដែលថា ប្រជាជនអាម៉េរិក អាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងរយៈពេលខ្លីខាងមុខ។ លោកបានប្រៀបធៀបការបង្ហាញការព្រួយបារម្ភពាក់ព័ន្ធបញ្ហានេះថា គ្រាន់តែជាការនិទានរឿងមិនពិតតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ