រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចលើកលែងពន្ធអាករពិសេសលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក ពោលគឺត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធអាករពិសេសតាមអត្រា៥% លើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុកសម្រាប់រយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។ ការលើកលែងពន្ធអាករនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជួយគាំទ្រ និងសម្រាលបន្ទុកការចំណាយរបស់ឧស្សាហកម្មស៊ីម៉ង់ត៍ ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្រូវការទីផ្សារ។
ពាក់ព័ន្ធវិស័យស៊ីម៉ង់ត៍នេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងកសាង និងការពារឧស្សាហកម្មផលិតស៊ីម៉ងត៍នៅក្នុងស្រុកឱ្យបានគង់វង្ស និងរីកចម្រើន ដ្បិតថាស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក បានធ្វើឱ្យវិស័យសំណង់ពិភពលោក រួមទាំងកម្ពុជាជួបការលំបាក ដោយសារតម្រូវការក្នុងវិស័យសំណង់ និងលំនៅឋានមានការថយចុះ ដែលជំរុញឱ្យការប្រើប្រាស់ស៊ីម៉ង់ត៍មានតិចជាងមុន។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាលមិនការពារ និងរក្សាសហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានលំនឹងនៅក្នុងគ្រាលំបាកនេះទេ នឹងធ្វើឱ្យកម្ពុជាអាចខាតបង់ផលប្រយោជន៍ពីវិស័យស៊ីម៉ងត៍នៅពេលដែលស្ថានភាពសេដ្ឋកិច្ចត្រឡប់មកភាពល្អប្រសើរវិញ។
បើតាមការគូសបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច ដើម្បីទទួលបានការលើកលែងពន្ធអាករពិសេសលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក សហគ្រាសផលិតស៊ីម៉ង់ត៍ទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ចមួយចំនួនដូចជាដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ សហគ្រាសផលិតស៊ីម៉ង់ត៍ត្រូវកាន់ កត់ត្រា និងថែរក្សាឯកសារបញ្ចីការគណនេយ្យ និងព័ត៌មានទាក់ទិននឹងសកម្មភាពអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
សហគ្រាសទាំងអស់ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹង និងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។ ជាពិសេសត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជាការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ និងត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គម៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ