ការលុបចោលសារដ៏ក្តៅមួយនេះ បន្ទាប់ពី លោក លី ជែ ម្យ៉ុង បានបង្ហោះសារជាភាសាខ្មែរ និងភាសាកូរ៉េ នៅលើបណ្តាញសង្គម X ដើម្បីបង្ហាញពីប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយលោកបានរៀបរាប់ថា បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ ហើយបន្តថា ប្រទេសកូរ៉េខាងត្បូង បើថា ធ្វើហើយ គឺធ្វើដល់ទីបញ្ចប់។ តើការបង្ហោះសារជាភាសារខ្មែររបស់ប្រធានាធិបតីកូរ៉េខាងត្បូងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនេះបានសបញ្ជាក់ពីន័យវិជ្ជមាន ឬអវិជ្ជមានសម្រាប់កម្ពុជា?
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ យល់ឃើញថា ការបង្ហោះសារជាភាសារខ្មែរ និងភាសាកូរ៉េ របស់ប្រធានាធិបតីកូរ៉េខាងត្បូង កាលពេលថ្មីៗវាមិនមែនជារឿងធម្មតានោះទេ។ លោកបានសង្កត់ធ្ងន់ថា ទោះបីសារនោះត្រូវបានលុបចេញពីលើបណ្តាញសង្គមក៏ដោយ តែវាបានក្លាយជាស្រមោលខ្មៅដិតដាមជាប់នឹងមុខមាត់កម្ពុជា ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ទោះបីជាសារនោះត្រូវបានលុបចោលវិញក៏ពិតមែន ប៉ុន្តែវាបានបន្សល់ទុកនូវស្រមោលមិនល្អសម្រាប់កម្ពុជា។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ការដែលប្រធានាធិបតីកូរ៉េខាងត្បូង លុបចោលសារនេះវិញ ទំនងជាមេដឹកនាំរូបនេះយល់ថា សារនេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ខណៈកន្លងមករាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានចាប់ដៃគ្នាប្រយុទ្ធប្រឆាំងលើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះដែរ។
ពាក់ព័ន្ធបញ្ហានេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សារដែលប្រធានាធិបតីកូរ៉េខាងត្បូង បានសរសេរបង្ហោះលើបណ្តាយសង្គមពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយសរសេរជាភាសាខ្មែរនាំមុខមុននោះ មិនមែនជាសារដែលចង់វាយប្រហារមកលើកម្ពុជា ក្នុងន័យមិនល្អទេ ប៉ុន្តែគឺជាការឱ្យតម្លៃមកលើកម្ពុជា ទៅវិញទេ ក្រោយប្រទេសទាំងពីរសហការគ្នាបានយ៉ាងល្អលើការបង្រ្កាបបទល្មើសតាមប្រព័ន្ធអនឡាញលើជនជាតិកូរ៉េ និងបញ្ជូនទៅវិញកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ ចំពោះការលុបចោលសារនោះទៅវិញ អ្នកនាំពាក្យរងរូបនេះបានអះអាងថា ក៏ដោយសារតាមរយៈសារនោះ បានធ្វើឱ្យពលរដ្ឋមួយចំនួនគិតអវិជ្ជមានចំពោះរូបលោក និងដើម្បីកុំឱ្យមានការភាន់ច្រឡំ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ លោក Lee Jae-myung បានប្រើប្រាស់បណ្ដាញសង្គម X ជាវេទិកាបង្ហាញសាច់ដុំប្រឆាំងឧក្រិដ្ឋកម្ម ដោយប្រើពាក្យធ្ងន់ៗថា កូរ៉េខាងត្បូង បើថា ធ្វើហើយ គឺធ្វើដល់ទីបញ្ចប់។ ការប្រើភាសាខ្មែរក្នុងសារព្រមានកម្រិតខ្ពស់បែបនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងចំណោមអ្នកតាមដានស្ថានការណ៍នយោបាយ និងសន្តិសុខអន្តរជាតិ៕