ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងនិយ័តករមូលបត្រកម្ពុជា ជាមួយ សាជីវកម្មធានាឥណទានកម្ពុជានាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍទីផ្សារមូលបត្របំណុលដែលមានការធានា និងដើម្បីជំរុញការបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ឯកឧត្តម ជឿជាក់ថា តាមរយៈ MoU នេះ មិនត្រឹមតែអាចជួយគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រនោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលផងដែរ។ យ៉ាងណាមិញការបោះផ្សាយសញ្ញាបណ្ណដែលមានការធានានេះ គឺជាឧបករណ៍ចាំបាច់និងសំខាន់បំផុត ដែលមិនអាចខ្វះបានសម្រាប់ធានាហានិភ័យនានាដល់អ្នកវិនិយោគ នៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់ដូចបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជាបានគូសបញ្ជាក់ថា ការចុះ MoU នេះ ពិតជាមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការវាងស្ថាប័នទាំងពីរ ក្នុងការរួមគ្នាជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា និងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងធម្យម ក្នុងការកៀរគរទុនតាមរយៈការបោះផ្សាយសញ្ញាបណ្ណដែលមានការធានា សំដៅជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការបោះផ្សាយសញ្ញាបណ្ណនៅកម្ពុជាស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍនៅឡើយ ព្រមទាំងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាសន្ទនីយភាពទាប អត្រាការប្រាក់ខ្ពស់ និងមូលដ្ឋានវិនិយោគិនតូចចង្អៀតជាដើម។ មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ដែរថា ហានិភ័យធំដែលអ្នកវិនិយោគសញ្ញាបណ្ណកំពុងជួបប្រទះ គឺនៅពេលអ្នកបោះផ្សាយមិនមានលទ្ធភាពទូទាត់សងទៅដល់វិនិយោគិន ដូច្នេះហើយការបោះផ្សាយសញ្ញាបណ្ណដែលមានការធានានេះ ដើរតួនាទីសំខាន់ណាស់ក្នុងការបង្កើនកម្រិតលទ្ធភាពសងរបស់អ្នកបោះផ្សាយ និងផ្តល់ទំនុកចិត្តដល់វិនិយោគិនផងដែរ។
សូមជម្រាបថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនសរុបចំនួន២៣ បានចុះបញ្ជីលក់មូលបត្រនៅលើផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមានក្រុមហ៊ុនចំនួន១២ បានចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណ) ជាមួយគ្នានេះក្រុមហ៊ុនទាំង២៣នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់ប្រមាណ៤រយលានដុល្លារអាមេរិកផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន