ស្ពានកាណាក់កាឡេ ១៩១៥ (1915 Çanakkale Bridge) ដែលមានប្រវែង៤,៦គីឡូម៉ែត្រស្ថិតនៅក្នុងប្រទេសតួកគី ត្រូវបានប្រសិទ្ធនាមថាជាស្ពានខ្សែកាបវែងបំផុតរបស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៤ នេះ។ ស្ពានខ្សែកាបនេះត្រូវបានតភ្ជាប់ដោយបង្គោលប៉មដ៏សំខាន់ពីរដែលមានកម្ពស់ជាង៣០០ម៉ែត្រ និងស្ថិតនៅចម្ងាយ២ពាន់២៣ម៉ែត្រពីគ្នា។
ក្នុងថ្ងៃដាក់សម្ពោធឱ្យដំណើរការស្ពាននេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីតួកគី លោក អឺដូហ្គែន (Erdogan) បានថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន AP ថា ប្រទេសតួកគី បានវ៉ាឈ្នះប្រទេសជប៉ុន ដែលមានស្ពានវែងបំផុតក្នុងពិភពលោកហើយ។
ការសាងសង់ស្ពានតម្លៃ២,៨ពាន់លានដុល្លារ នេះបានប្រើពេល៥ឆ្នាំ ដោយបញ្ចប់ជាស្ថាពរលឿនជាងការគ្រោងទុក១៨ខែ និងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនតួកគី និងកូរ៉េខាងត្បូង ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។
ពេលនេះស្ពាននេះបានក្លាយជាផ្លូវដ៏សំខាន់តែមួយគត់នៅក្នុងប្រទេសតួកគី ដែលតភ្ជាប់ទាំងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ចេញពីរដ្ឋធានីអ៊ីស្ទែនប៊ុល ហើយការធ្វើដំណើរឆ្លងស្ពាននេះប្រើពេលតែ៦នាទីប៉ុណ្ណោះ។ ហើយដោយសារតែស្ពាននេះតភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប វាបានក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងមមាញឹកបំផុតមួយរបស់ពិភពលោក។
ក្រៅពីនេះ ស្ពាននេះត្រូវបានឌីហ្សាញ និងសាងសង់ឡើងយ៉ាងពិសេសដើម្បីឱ្យវាមានសមត្ថភាពអាចទប់ទល់នឹងកម្លាំងរញ្ជួយដី និងព្យុះបានយ៉ាងអស្ចារ្យ។
ស្ពាននេះតភ្ជាប់ទីក្រុងតូចមួយមានឈ្មោះថា ហ្គេលីបូលូ (Gelibolu) ដែលស្ថិតនៅខាងអឺរ៉ុប និងទីក្រុងតូចមួយទៀតមានឈ្មោះថា ឡាបសេគី (Lapseki) ដែលស្ថិតនៅខាងអាស៊ី។
មូលហេតុដែលស្ពាននេះត្រូវបានប្រសិទ្ធនាមថា ស្ពានកាណាក់កាឡេ ១៩១៥ (1915 Çanakkale Bridge) គឺដើម្បីរំឭកដល់ជ័យជម្នះដ៏ធំមួយរបស់កងទ័ពជើងទឹកនៃចក្រភពអូតូម៉ង់ (Ottoman Empire) ទៅលើកងទ័ពរបស់អង់គ្លេស នៅឆ្នាំ១៩១៥ អំឡុងសង្គ្រាមលោកលើកទី១ នៅពេលអង់គ្លេស ប៉ុនប៉ងដណ្ដើមការគ្រប់គ្រងលើច្រកសមុទ្រ ដាតដាណេលស៍ (Dardanelles Strait)៕
ដោយ: តែម សុខុម