ក្នុងនោះធនាគារជាតិណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយឥណទានមួយចំនួន ឬលុបចោលឥណទាន ឬបំណុលរហូតដល់ចំនួន១០លានរៀលដល់អតិថិជនជាយោធិនមានពិការភាពនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន៨០លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលីនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពពីការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់យោធាថៃសាជាថ្មី។
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទាន ឬបំណុលរហូតដល់ចំនួន១០លានរៀលដល់អតិថិជនជាយោធិនមានពិការភាពនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន៨០លានរៀលជូនអតិថិជន ឬអ្នករួមខ្ចីជាយោធិនពលីនៅក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពថៃនៅតាមខ្សែបន្ទាត់ព្រំដែន។ បន្ថែមលើនេះធនាគារជាតិ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកតាមរយៈការលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ ការផាកពិន័យពាក់ព័ន្ធនឹងឥណទាន ការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ គិតចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា ចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។ ជាមួយគ្នានេះ ធនាគារជាតិ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និងលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្តែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
ពាក់ព័ន្ធបញ្ហានេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មានរួមចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ បានបញ្ជាក់ថា សមាគមទាំងពីរនឹងនៅតែបន្តអនុវត្ត«វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ»។ លើសពីនេះ សមាគមទាំងពីរ ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការអនុវត្តតាមសេចក្តីណែនាំនានារបស់ធនាគាជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ។ យ៉ាងណាមិញ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀតជាសមាជិករបស់សមាគមទាំងពីរ ប្តេជ្ញាចូលរួមសម្រួលដល់អតិថិជនដែលរងផល់ប៉ះពាល់តាមវិធានការខាងលើផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ