ធនាគារជាតិ

ធនាគារជាតិបន្តបញ្ចេញប្រាក់ដុល្លារទៅក្នុងទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា


ធនាគារជាតិនៃកម្ពុជាសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ អត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិក មានការកើនឡើងជាបន្តបន្ទាប់ ដែលអាចនឹងប៉ះពាល់ដល់ស្ដិរភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលជំរុញឲ្យធនាគារជាតិសម្រេចបញ្ចេញទឹកប្រាក់ដុល្លារ ជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារ ដើម្បីរក្សាលំនឹងនៃអត្រាប្ដូរប្រាក់។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានសម្រេចបញ្ចេញទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក ដែលធ្វើឲ្យស្ថានភាពអត្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនាពេលនេះ បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។
ធនាគារជាតិនឹងបញ្ចេញប្រាក់២០លានដុល្លារបន្ថែម ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់

បន្ថែមលើនេះធនាគារជាតិបានសម្រេចបញ្ចេញទឹកប្រាក់២០លានដុល្លារអាមេរិកបន្ថែមចូលទៅក្នុងទីផ្សារ ដើម្បី បន្តធ្វើអន្តរាគមន៍តាមការចាំបាច់រហូតអត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩។

ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ក្រោយពីការដាក់ឲ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៤លើកក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ជាក់ស្ដែង មុនពេលធនាគារជាតិនៃកម្ពុជាបញ្ចេញប្រាក់លើកទី១ចំនួន៥០លានដុល្លារអាមេរិកកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អត្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក គឺ៤.១៥៩រៀល/ដុល្លារ។ ដោយឡែកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានថយមកនៅត្រឹម៤.១២៤រៀល/ដុល្លារ។ ដើម្បីបន្តគ្រប់គ្រងសម្ពាធលើអត្រាប្ដូរប្រាក់បន្ថែមទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ចេញប្រាក់ដុល្លារជាលើកទីពីរក្នុងទំហំទឹកប្រាក់២០លានដុល្លារអាមេរិកបន្ថែមទៅក្នុងទីផ្សារ។

ឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការបញ្ចេញប្រាក់ដុល្លាររបស់ធនានាគារជាតិនៃកម្ពុជា គឺជាវិធានការមួយ ក្នុងការជួយរក្សាលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រៅពីគោលនយោបាយរូបិយវត្ថុ កន្លងមករាជរដ្ឋាភិបាលក៏បានអនុវត្តនូវគោលនយោបាយសារពើពន្ធ ដូចជាការអនុគ្រោះពន្ធ និងកញ្ចប់អន្តរាគមន៍របស់រដ្ឋជាដើម ក្នុងការជួយឲ្យសេដ្ឋកិច្ចកម្ពុជាអាចរក្សាបាននូវកំណើនជាវិជ្ជមាន។

តាមពិតទៅការឡើងថ្លៃលុយដុល្លារអាមេរិក មិនមែនកើនឡើងសម្រាប់តែលុយរៀលនោះទេ ពោលគឺវាក៏បានកើនឡើងផងដែរ បើធៀបនឹងរូបិយបណ្ណផ្សេងៗនៅលើពិភពលោក បន្ទាប់ពីធនាគារកណ្តាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដើម្បីទាក់ទាញមូលធនឲ្យហូរចូលសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។ ការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិកនេះ ក៏ដើម្បីទប់ទល់នឹងការកើនឡើងអត្រាអតិផរណាផងដែរ។ យ៉ាងណាមិញ សម្រាប់កម្ពុជា ដើម្បីទប់ស្កាត់ការប្រែប្រួលអត្រាប្ដូរប្រាក់នេះ ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប ជាពិសេសការបញ្ចេញសាច់ប្រាក់នេះ គឺជាវិធានការមួយក្នុងចំណោមវិធានការឯទៀតរបស់ធនាគារជាតិ ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។

ដោយឡែក ការបញ្ចេញប្រាក់ដុល្លារចូលទៅក្នុងទីផ្សារ ដើម្បីទប់ស្កាត់វិធានការបញ្ចេញប្រាក់នេះ មិនមែនជារឿងថ្មីឡើយសម្រាប់កម្ពុជា ពោលគឺធនាគារជាតិនៃកម្ពុជា ធ្លាប់ចាត់វិធានការបែបនេះជាច្រើនលើកច្រើនសាររួចហើយ នៅពេលដែលពិភពលោកជួបនូវវិបត្តិសេដ្ឋកិច្ច និងធ្វើឲ្យប៉ះពាល់ដល់អត្រាប្ដូរប្រាក់ជាដើម។ ក្រុមអ្នកជំនាញបានយល់ឃើញថា ការដាក់ចេញនូវវិធានការរបស់ធនាគារជាតិនៃកម្ពុជានេះ នឹងផ្ដល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមទៀតថា ការដាក់ចេញនូវវិធានការនេះ មិនត្រឹមតែជួយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារនៅកម្ពុជាប៉ុនណោះទេ តែវាក៏ជួយធ្វើឱ្យប្រទេសមានការរីកចម្រើនលឿន ថែមទាំងអាចអូសទាញអ្នកវិនិយោគផងដែរ។

សូមបញ្ជាក់ថា ដ្បិតស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងតំបន់ ហាក់មិនទាន់មានស្ថិរភាពឡើងវិញ ជាពិសេសកម្ពុជាបាននិងកំពុងជួបប្រទះបញ្ហាកើនឡើងនូវអត្រាប្ដូរប្រាក់ ក៏ដោយចុះ តែមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែមានគំនិតសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ។ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ ហាក់មានភាពល្អប្រសើរ ជាងកាលពីឆ្នាំ២០២២ ជាពិសេសតាមរយៈការដាក់ចេញនូវិធានការជាបន្តបន្ទាប់របស់ធនាគារជាតិនៃកម្ពុជា ក្នុងគ្រប់គ្រងសម្ពាធលើអត្រាប្ដូរប្រាក់នៅកម្ពុជា តែម្ដង៕




អត្ថបទបន្ទាប់


ម៉ាឡេស៊ីនឹងនាំចេញប្រេងដូងទ្វេរដងទៅចិន ដើម្បីគេចពីការរឹតត្បិតរបស់សហភាពអឺរ៉ុប

ព័ត៌មាន
អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងបង្កើនការនាំចេញប្រេងដូងទ្វេរដងទៅកាន់ទីផ្សារប្រទេសចិន ក្រោយប្រទេសនេះរងនូវការរឹតបន្តឹងរបស់អឺរ៉ុបលើទំន…

ថៃចាប់ផ្ដើមរឹតបន្តឹងការគ្រប់គ្រងនិងទាពន្ធ ដើម្បីរកចំណូលទប់សេដ្ឋកិច្ច និងការចំណាយ

ព័ត៌មាន
រដ្ឋាភិបាលថៃរបស់លោក ស្រ៊ីថា ថាវេស៊ីន បាននិងកំពុងដាក់ចេញនូវផែនការសកម្មភាពរឹតបន្តឹងលើការគ្រប់គ្រងពន្ធ ដោយនៅក្នុងនោះសូម្បីតែពន្ធលើប្រាក់ចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ