លោក ធីម៉ូស៊ី ហ្គាយន័រ (Timothy Geithner) និងលោក ហេនរី ផុលសុន (Henry Paulson) ដែលសុទ្ធតែជាអតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានព្រមានថា ប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាម៉េរិកនឹងត្រូវទទួលថ្មបាក់ដ៏ធំ នោះគឺបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ទោះបីអាម៉េរិកជាមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោក ធ្លាប់តែខ្លាំង និងរឹងមាំយ៉ាងណាក៏ដោយ។
លោក ធីម៉ូស៊ី ហ្គាយន័រ (Timothy Geithner) បានសង្កត់ធ្ងន់លើភាពចាំបាច់ដែលត្រូវបង្កើតគោលនយោបាយសារពើពន្ធ ដែលមានទំនួលខុសត្រូវខ្ពស់ ដើម្បីការពារតួនាទីជាសកលរបស់ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏សំខាន់បំផុតរបស់ពិភពលោក។
ទន្ទឹមនឹងនេះ លោក ហេនរី ផុលសុន (Henry Paulson) ក៏បានលើកឡើងផងដែរពីគ្រោះថ្នាក់នៃការកើនឡើងបំណុលរបស់រដ្ឋាភិបាលអាម៉េរិក ដោយហៅបំណុលនោះថា ជា "ពពកខ្មៅ" ដែលបិទបាំងវិបុលភាព ឬភាពសម្បូរសប្បាយរបស់សហរដ្ឋអាម៉េរិក នាពេលអនាគត។
អតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក ទាំងពីររូបនេះ សុទ្ធតែបានសង្កត់ធ្ងន់ពីសារសំខាន់នៃការដោះស្រាយបញ្ហាជាបន្ទាន់នូវបញ្ហាឱនភាពសារពើពន្ធ និងការរក្សាការប្រកួតប្រជែងក្នុងទីផ្សារ។ បន្ថែមលើនេះ លោកទាំងពីរ ក៏បានព្រមានផងដែរ ចំពោះគោលនយោបាយគាំពារនិយម និងគោលនយោបាយហួសដែនកំណត់របស់រដ្ឋាភិបាលអាម៉េរិក។
លោក ធីម៉ូស៊ី ហ្គាយន័រ (Timothy Geithner) បានគូសបញ្ជាក់ផងដែរពីភាពចាំបាច់ដែលត្រូវមានសេចក្ដីសម្រេចច្បាស់លាស់ជុំវិញនវានុវត្តន៍ថ្មី និងសេចក្ដីសម្រេចសារពើពន្ធរយៈពេលវែងដែលមានភាពសមស្របដើម្បីរក្សាភាពរឹងមាំនៃប្រាក់ដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម