វេទិកាការពារជាតិប្រចាំឆ្នាំរបស់ចិន «Xiangshan Forum» រយៈពេល៣ថ្ងៃ នឹងបើកនៅទីក្រុង
ប៉េកាំង ប្រទេសចិនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានមន្ត្រីយោធា អ្នកការទូត និងអ្នកជំនាញរាប់រយនាក់មកពីប្រទេសរាប់សិបចូលរួម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១៤ ខែកញ្ញា នេះ។ រដ្ឋមន្ត្រីការពារជាតិចិនលោក តុង ជុន (Dong Jun) ត្រូវបានរំពឹងថា នឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែច្រើន និងជំរុញគំនិតពិភពលោកពហុប៉ូល ខណៈអាចលើកឡើងពីការកាត់បន្ថយឥទ្ធិពលរបស់អាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។
ជប៉ុនអាចប្រឈមនឹងការរិះគន់កាន់តែខ្លាំងខណៈភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូកំពុងឡើងកម្ដៅ។ រីឯកោះតៃវ៉ាន់ ក៏ជាបញ្ហាសំខាន់មួយផងដែរ បន្ទាប់ពីកោះនេះបានធ្វើសមយុទ្ធយោធា និងការពារបែបស៊ីវិល ដើម្បីត្រៀមទប់ទល់នឹងហានិភ័យឈ្លានពានដែលអាចកើតមាន។ វេទិកានេះធ្វើឡើង ខណៈប្រទេសអាស៊ីមួយចំនួនកំពុងចោទសួរអំពីអនាគតនៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់អាម៉េរិក។ ស្ថានការណ៍នេះអាចផ្តល់ឱកាសឱ្យចិនជំរុញទស្សនៈថា ប្រទេសអាស៊ីគួរដើរតួនាទីកាន់តែធំក្នុងការគ្រប់គ្រងសន្តិសុខក្នុងតំបន់ ឬយ៉ាងណា។ ប៉ុន្តែចិនក៏ប្រឈមនឹងបញ្ហាប្រឈមផ្ទាល់ខ្លួនផងដែរ។ សកម្មភាពកាន់តែសកម្មរបស់ទីក្រុងប៉េកាំង ជាពិសេសនៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យប្រទេសជាច្រើនក្នុងតំបន់មានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលយោធាដែលកំពុងកើនឡើងរបស់ចិន។
វៀតណាមដែលជាគូប្រជែងរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង នឹងបញ្ជូនរដ្ឋមន្ត្រីការពារជាតិចូលរួម ខណៈម៉ាឡេស៊ីនឹងបញ្ជូនរដ្ឋមន្ត្រីការពារជាតិរង។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី២ក្រោមប្រធានបទជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ។ ក្រៅពីនេះឯកឧត្តម ទៀ សីហា ក៏គ្រោងជួបពិភាក្សាជាមួយសមភាគីចិន ឡាវ វៀតណាម សិង្ហបុរី និងតំណាងប្រទេសផ្សេងៗ ដើម្បីផ្លាស់ប្តូរ
ទស្សនៈអំពីសន្តិសុខក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ៕
ដោយ: តែម សុខុម