នៅក្នុងកម្មវិធីបាឋកថាក្រោមប្រធានបទស្ដីពី បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច នាថ្ងៃទី៣ ខែកក្កដា ឆ្នំា២០២៤ ឯកឧត្តម ហួត ពុំ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា គឺនៅមានស្ថានភាពល្អប្រសើរនៅឡើយ ពោលគឺសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥% នៅឆ្នាំ២០២៣ និងបន្តកើនឡើង៦%នៅឆ្នាំ២០២៤ និងកំណើនក្នុងអត្រា៦,៥% ក្នុងរយៈពេលមធ្យម២០២៥-២០២៧ ផងដែរ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនេះកើតឡើងទៅបាន តាមរយៈការបន្តរីកចម្រើននូវវិស័យគាំទ្រមួយចំនួនដូចជាវិស័យកម្មន្តសាលមិនមែនកាត់ដេរបន្តរក្សាកំណើនរឹងមាំដូចការរំពឹងទុក ដែលគាំទ្រដល់ការនាំចេញ និងកំណើនឧស្សាកម្មបម្រើទីផ្សារក្នុងស្រុក, វិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅបន្តនិន្នាការកើនឡើង ដែលគាំទ្រដល់ការកើនឡើងចំនួនទេសចរជាតិនិងអន្តរជាតិ, វិស័យកសិកម្មនឹងសម្រេចបាននូវកំណើនដែលគាំទ្រដល់អនុវិស័យដំណាំ ខណៈដែលអនុវិស័យចិញ្ជឹមសត្វ និងនេសាទមានកំណើនទាប, រំហូរវិនិយោគមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេសលើវិស័យកម្មន្តសាលមិនមែនកាត់ដេរតែម្តង។
ជុំវិញវិស័យកម្មន្តសាលមិនមែនកាត់ដេរនេះឯកឧត្តម ហួត ពុំ បានអះអាងថា គឺជាវិស័យមួយដែលត្រូវយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានការរីកធំធាត់បន្ថែមទៀត ដ្បិតថា វិស័យនេះបានផ្តល់នូវតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិបានលឿន និងទំហំធំ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរហាក់មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយវិស័យនេះត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ១៣%នៅឆ្នាំ២០២៤នេះ ខណៈការចូលរួមចំណែកការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរនៅ៤ខែឆ្នាំ២០២៤នេះ បានកើនឡើងជាង៣% ហើយការចូលរួមចំណែកកំណើនរំហូរវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរបានកើនឡើងរហូតដល់ជាង១០៨% នៅឆ្នាំ២០២៣ កន្លងទៅផងដែរ។
បើតាមឯកឧត្តម ហួត ពុំ ទោះបីជាបច្ចុប្បន្នស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជានៅមានស្ថានភាពល្អប្រសើរ ប៉ុន្តែទស្សនៈវិស័យសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានហ៊ុំព័ទ្ធដោយហានិភ័យគួរឱ្យកត់សម្គាល់ និងបញ្ហារចនាសម្ព័ន្ធដែលនៅសេសសល់មួយចំនួន ទាំងបញ្ហាប្រឈមខាងក្រៅ និងខាងក្នុង តួយ៉ាងបញ្ហាប្រឈមខាងក្រៅ មានដូចជាការធ្លាក់ចុះសេដ្ឋកិច្ចសកល និងចិន, ការរឹតបន្តឹងជាសកលនៃគោលនយោបាយរូបិយវត្ថុ, ការកើនឡើងនៃការការពារនិយមនិងការបែកបាក់ភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម។
ដោយឡែកសម្រាប់បញ្ហាប្រឈមខាងក្នុងវិញ មានដូចជាតម្លៃនៃការធ្វើអាជីវកម្មខ្ពស់ និងការប្រកួតប្រជែងទាប, ពលកម្មមានកម្រិត និងជំនាញទាប, ការទទួលយក និងការផ្លាស់ប្តូរឌីជីថលទាប និងប្រព័ន្ធថែទាំសុខភាពនិងការការពារសង្គមមានកម្រិតជាដើម។ តែយ៉ាងណា កាលានុវត្តភាព និងឱកាសនៅតែមានភាពរឹងមាំ តាមរយៈការរុះរើ និងផ្លាស់ប្តូរទីតាំងខ្សែសង្វាក់ផ្គត់ផ្គង់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP និងការពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗផ្សេងៗ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ