វេទិកាសេដ្ឋកិច្ចពិភពលោក

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ ធ្វើឡើងក្រោមបរិបទតានតឹងខ្លាំងនៃនយោបាយ និងសេដ្ឋកិច្ចពិភពលោក


កិច្ចប្រជុំប្រចាំឆ្នាំ២០២៣របស់វេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ផ្តើមធ្វើឡើងហើយនៅក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែមករា ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបែកខ្ញែកគ្នា»។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងពេលដែលពិភពលោកបានជួបនូវភាពអាប់អួរយ៉ាងខ្លាំង ជាពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងនៃពាណិជ្ជកម្មសាកល ការប្រែប្រួលអាកាសធាតុ និងសាកលភាវូបនីយកម្ម ដែលកំពុងបែកខ្ញែកគ្នាជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តើវេទិកាសេដ្ឋកិច្ចសាកលឆ្នាំ២០២៣ នឹងផ្តោតសំខាន់ទៅលើបញ្ហាអ្វីខ្លះ?

កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៥៣នៅក្នុងឆ្នាំនេះ នឹងផ្តល់នូវឱកាស មួយសម្រាប់ការតភ្ជាប់ ក្នុងការបង្កើត និងជំរុញកិច្ចសន្ទនា ព្រមទាំងជួយស្វែងរកដំណោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ ក៏ដូចជារដ្ឋនិងវិស័យឯកជនផងដែរ។ ព្រឹត្តិការណ៍នេះ នឹងនាំយកបណ្តាមេដឹកនាំប្រទេសជាច្រើន ក្រុមហ៊ុន អាជីវកម្ម និងសង្គមស៊ីវិលមកអង្គុយជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាពិភពលោកដែលកំពុងកើតឡើង និងពិភាក្សាពីរឿងអាទិភាពសម្រាប់ឆ្នាំ២០២៣នេះ។

គួរឱ្យដឹងដែរថា បញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន វិបត្តិអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងភាពតានតឹងពាណិជ្ជកម្មសាកល នឹងត្រូវគេយកមកដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះផងដែរ។

ចំណែកបញ្ហាសំខាន់ដទៃទៀតដែលនឹងលើកឡើងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ មានដូចជា ហានិភ័យនៃការប្រឈមមុខនឹងនុយក្លេអ៊ែរ ការបង្កើតពិភពសិប្បនិម្មិត Metaverse, អនាគតការងារនិងជំនាញ ព្រមទាំងការចាប់ផ្តើមអាជីវកម្មថ្មីៗជាដើម។

លោក Borge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីពេលថ្មីៗនេះ បាននិយាយថា ពេលនេះពិភពលោករបស់យើងត្រូវការកិច្ចសហប្រតិបត្តិការជាសាកលជាងពេលណាៗទាំងអស់។ លោកអះអាងថា កិច្ចប្រជុំឆ្នាំនេះនឹងធ្វើឡើងក្រោមបរិបទនៃសម្ពាធភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញបំផុតមិនធ្លាប់មាន។

សូមជម្រាបថា កិច្ចប្រជុំនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំប្រមាណ ២៧០០នាក់ មកពី ១៣០ប្រទេស ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ ៥០នាក់។ ជាមួយគ្នានោះ ក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអាជីវកម្មផងដែរ ជាមួយនឹងវត្តមានបុគ្គលល្បីៗប្រមាណ ៣៧០នាក់ មកពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិ ព្រមទាំងម្ចាស់ក្រុមហ៊ុនជាង ១៥០០នាក់។

ដើម្បីការពារសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំដ៏ធំមួយនេះ អាជ្ញាធរស្វីសបានចាត់វិធានការសន្តិសុខយ៉ាងតឹងរ៉ឹងនៅទូទាំងក្រុងដាវ៉ូស ខណៈមានសកម្មជនការពារបរិស្ថានរាប់រយនាក់បាននិងកំពុងប្រមូលផ្តុំគ្នាតវ៉ា នៅខាងក្រៅកិច្ចប្រជុំផងដែរ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ារៃអង្គាសប្រាក់បានជាង១០០លានដុល្លារ ដើម្បីប្រើប្រាស់ប្រឆាំងនឹងរបបសឹក

ព័ត៌មាន
រដ្ឋាភិបាលស្រមោលរួបរួមជាតិរបស់មីយ៉ាន់ម៉ា ហៅកាត់ថា NUG បានប្រកាសថា បានរៃអង្គាសប្រាក់ជាង១០០លានដុល្លារអាមេរិក ដើម្បីផ្តល់ឱ្យមូលនិធិក្រុមរ…

IMF ថា ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល អាចនឹងធ្វើឲ្យខាតបង់ដល់កំណើនសេដ្ឋកិច្ច៧%

ព័ត៌មាន
ការបែកខ្ញែកយ៉ាងធ្ងន់ធ្ងរមួយនៃសេដ្ឋកិច្ចសាកល បន្ទាប់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ គឺអាចនឹងកាត់បន្ថយទិន្នផលសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ