ក្នុងនាមប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្តេចតេជោ ស្នើឲ្យប្រជាពលរដ្ឋចូលរួមលើកទឹកចិត្តអត្តពលិកមានពីការភាពរបស់កម្ពុជាឲ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការប្រជែងដណ្តើមមេដាយជូនជាតិមាតុភូមិ។
នាពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជានឹងរៀបចំពិធីបើកបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឲ្យដូចនឹងការរៀបចំពិធីបើកបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅដែរ។ បើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ការធ្វើបែបនេះ គឺដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកមានពិការភាពរបស់កម្ពុជា ក៏ដូចជាបង្ហាញភាពអស្ចារ្យដល់ប្រតិភូកីឡាមកពីប្រទេសក្នុងតំបន់អាស៊ាន រួមទាំងទីម័រខាងកើត។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាស្នើឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងទស្សនាព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់អត្តពលិកកម្ពុជាក្នុងការប្រជែងមេដាយជូនជាតិមាតុភូមិ។ យ៉ាងណាមិញប្រមុខរាជរដ្ឋាភិបាលបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងអត្តពលិកមានពិការភាពរបស់កម្ពុជានៅរសៀលថ្ងៃទី២៦ ខែឧសភា នេះ ដើម្បីលើកទឹកចិត្តពួកគេមុនការប្រកួតឈានមកដល់ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ។
ជាមួយគ្នានេះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈហ្វេសប៊ុករបស់ខ្លួនបានលើកឡើងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមក្រៅពីប្រកួតឈ្នះចាញ់ក្នុងក្របខណ្ឌកីឡា វាក៏ជាឱកាសធ្វើឱ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថា ពួកគេធម្មតាដូចគេដូចឯង និងជាឱកាសសម្រាប់ពួកគេក្នុងការបង្ហាញសមត្ថភាព។ សម្រាប់ឯកឧត្តម ហ៊ុន ម៉ានី អត្តពលិកមានពិការភាពត្រូវការគាំទ្រ និងការលើកទឹកចិត្តពីមហាជន។ ទន្ទឹមនឹងនេះឯកឧត្តមស្នើប្រជាពលរដ្ឋចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យបានច្រើនកុះករ។
គួរបញ្ជក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់៕