ការបើកប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១នេះ ក៏ជាផ្នែកមួយ នៃចាប់ផ្ដើមផ្លាស់មុខមាត់ខេត្តសៀមរាប មកជារស់រវើកសាជាថ្មី ក្នុងរយៈពេលជាង១ឆ្នាំក្រោយមកនេះ។
ព្រឹត្តិការណ៍មហាស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ រៀបចំឡើងដោយ ក្រុមហ៊ុន Cambodian Arts and Festival Enterprise ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ដោយមានកិច្ចសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពីវិស័យឯកជនដូចជា ក្រុមហ៊ុនស្រាបៀរអង្គរ ក្រុមហ៊ុនទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស និងមូលនិធិវប្បធម៌និងទេសចរចឹងទូជាដើម។លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងការកោតសរសើរដល់អ្នករៀបចំកម្មវិធី ក៏ដូចជាម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរ។
លោក ស៊ីយ៉ុន សុភារិទ្ធ៖ «ខ្ញុំអរគុណទាំងអស់គ្នា! ជាពិសេសខាងអ្នកឧបត្ថម្ភកម្មវិធី ដែលគេជួយជាថវិកាក្នុងការរៀបចំ។ បើអត់មានថវិកាទាំងអស់ហ្នឹងទេ យើងនឹងមានការលំបាកខ្លាំង។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ដែលជាមហាជនទូទៅនៅលើពិភពលោក ដែលចូលរួមទស្សនា ព្រោះការចូលរួមទាំងអស់គ្នាហ្នឹងឯង ដែលធ្វើឲ្យកិច្ចការទាំងអស់ហ្នឹង ជោគជ័យបាន»។
លើសពីនេះ តាមរយៈការបើកមហោស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ រំពឹងថាទីក្រុងសៀមរាប នឹងទាក់ទាញការចាប់អារម្មណ៍ ព្រមទាំងទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើង ចាប់ពីសប្ដាហ៍ក្រោយនេះទៅ។
តាមការបញ្ជាក់របស់លោក ស៊ីយ៉ុន សុភារិទ្ធ ការបើកមហោស្រពសិល្បៈអន្តរជាតិអង្គរ២០២១ ក្នុងថ្ងៃទី១០ ១១ និង១២ ខែធ្នូនេះ នឹងមានការចាក់ផ្សាយកុន និងការសម្ដែងនានាជាច្រើន។
លោក ស៊ីយ៉ុន សុភារិទ្ធ៖ «ព្រឹត្តិការណ៍នេះយើងធ្វើដើម្បី ទីមួយ ឲ្យប្រជាជនខ្មែរទូទៅ បានដឹងថាក្រុងសៀមរាប យើងបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់អាស៊ាន។ ទី២ គឺឲ្យគាត់បានយល់អំពីតម្លៃនៃវប្បធម៌ផ្សេងៗរបស់ស្រុកខ្មែរដែលយើងចាក់ផ្សាយ។ ទី៣ គឺឲ្យពិភពលោកបានដឹង។ យើងជឿនិងសង្ឃឹមថា ការបើកឆាកហ្នឹង នឹងទាក់ទាញភ្ញៀវទេសចរឲ្យរស់ឡើងវិញ ព្រោះទេសចរក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ជាតិ»៕