អ្នកវិភាគក៏ដូចជាអ្នកការទូតនៅក្នុងតំបន់បានអះអាងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នៅពេលនេះ កំពុងតែរៀបចំឡើងនៅក្នុងស្ថានភាពជាប្រពៃណី ដែលបានត្រឹមតែជាជំនួប ការទូតរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន១០ ប្រទេស បូកទីម័រខាងកើត និងដៃគូ ផ្សេងៗទៀតប្រជុំហើយចាប់ដៃគ្នាប៉ុណ្ណោះ ពោលនឹងគ្មានលទ្ធផលអ្វីជាផ្លែផ្កាលើបញ្ហាធំៗ ដែលតំបន់កំពុងប្រឈមឡើយ ហើយក្រៅពីនោះ កិច្ចប្រជុំកំពូលដែល គ្មានវត្តមានលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកក៏រិតតែធ្វើឲ្យកិច្ចប្រជុំនេះ មានស្ថានភាពស្រងេះស្រងោច ថែមទៀត ។
លោក មូហ៉ាម៉ាត់ ម៉ាសហ៊ូត ( Mohammad Mahfud) រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខឥណ្ឌូនេស៊ី បានប្រាប់អ្នកការទូតកំពូលក្នុងតំបន់ដោយលើកឡើងថា កម្លាំងសហគមន៍របស់អាស៊ាន កំពុងត្រូវបានប្រឈមមុខនឹងវិបត្តិជាបន្ដបន្ទាប់។
លោកបានបន្តថា កង្វះវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិមីយ៉ានម៉ា បានបន្សល់ទុកនូវសញ្ញាអវិជ្ជមានដល់អាស៊ាន ហើយលោកក៏បានព្រមានថា ការបង្កើនល្បឿននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រជែងគ្នារវាងមហាអំណាច នៅក្នុងតំបន់អាចនាំឱ្យមានជម្លោះបើកចំហ ត្រូវបង្ខំឱ្យតំបន់ប្រឈមមុខដាក់គ្នា។
តាមការគ្រោងទុកបន្ទាប់ពីការពិភាក្សានៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានរួច ប្រមុខរដ្ឋអាស៊ាននឹងជួបសមភាគីអាស៊ី និងលោកខាងលិចចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ដែលនោះជាឱកាសសម្រាប់ អាមេរិក ចិន និងសម្ព័ន្ធមិត្តរបស់ពួកគេបានប្រើប្រាស់កិច្ចប្រជុំទាំងនោះជជែកគ្នា ស្តីពីពាណិជ្ជកម្មសេរី ការប្រែប្រួលអាកាសធាតុ និងសន្តិសុខពិភពលោកដែលគេរំពឹងថា វាអាចនឹងក្លាយជាសមរភូមិនៃសង្រ្គាមពាក្យសំដីដ៏ធ្ងន់ធ្ងរ ខណៈដែលគេដឹងថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ( Li Qiang ) នឹងចូលរួមកិច្ចប្រជុំនោះរួមជាមួយនឹង អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហ៉ារីស ( Kamala Harris) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី គឺលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) និង ប្រទេសផ្សេងៗទៀត ដែលមានសមាជិកសរុបដល់ទៅ១៨ ប្រទេស ។
លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa ) អតីតរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីបានសម្តែងការខកចិត្ត ចំពោះការមិនបង្ហាញខ្លួនរបស់លោក បៃដិន ប៉ុន្តែបាននិយាយថា វាគឺជាសញ្ញាគួរឱ្យព្រួយបារម្ភនៃការថយទំនាក់ទំនងរវាងអាមេរិក និងអាស៊ាន។
លោក បានប្រាប់អ្នកសារព័ត៌មានថា អវត្តមានរបស់ប្រធានាធិបតីអាមេរិក វាជាការខកចិត្តមួយ ហើយបញ្ហានៅមីយ៉ាន់ម៉ា គឺជាបញ្ហាដ៏ក្តៅគគុកមួយនៅក្នុងតំបន់អាស៊ាន ខណៈដែល មីយ៉ាន់ម៉ា ជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និង អាស៊ាន ។
ក្រៅពីនេះ អាស៊ានក៏ប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ជុំវិញភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលជាកន្លែងដែលមានការរីកចំចម្រើនតិចតួច លើការតាក់តែងក្រមប្រតិបត្តិនៅក្នុងតំបន់ជម្លោះ ។
នៅក្នុងអណត្តិដែលឥណ្ឌូនេស៊ីជាប្រធាន អ្នកជំនាញ ជាច្រើនសង្ឃឹមថា ឥណ្ឌូនេស៊ីដែលចាស់ទុំ ហើយមានអំណាចការទូតមួយនៅអាស៊ាន អាចនឹងរំលត់បញ្ហាប្រឈមខ្លះ ប៉ុន្តែទីក្រុងហ្សាការតាបានត្រឹមតែបង្ហាញពីការតស៊ូ ដើម្បីរក្សាមជ្ឈភាព និងឯកភាពរបស់ប្លុកតែប៉ុណ្ណោះ ។