វិវាទទិញផ្ទះ

រាជរដ្ឋាភិបាលគ្រោងពិចារណាបង្កើតឱ្យមានច្បាប់កំណត់ចំនួនទិញអចលនទ្រព្យរបស់អតិថិជន


នៅកម្ពុជាពុំទាន់មានច្បាប់ណាមួយហាមឃាត់មិនឱ្យនរណាម្នាក់អាចទិញផ្ទះច្រើនល្វែង ឬច្រើនកន្លែងនៅឡើយទេ ដែលកត្តានេះបានបើកផ្លូវឱ្យអ្នកមានធនធានមួយចំនួនអាចទិញផ្ទះ ឬជាដីជាច្រើនកន្លែងធ្វើជាកម្មសិទ្ធិ។ សម្រាប់អ្នកមានធនធានគ្រប់គ្រាន់ការទិញផ្ទះ ឬដីមិនចោទជាបញ្ហានោះទេ តែអ្វីដែលជាបញ្ហានោះ គឺការទិញផ្ទះបង់រំលស់សម្រាប់រស់នៅ ឬទុកលក់យកចំណេញ ដ្បិតករណីនេះអាចបង្កជាបញ្ហាវិវាទរវាងអ្នកទិញ និងក្រុមហ៊ុនអភិវឌ្ឍន៍ ក្រោយអ្នកទិញជួបបញ្ហាសេដ្ឋកិច្ច។
6
ដោយ

ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ចាក់ប្រាប់ខេមបូណូមីសថា និយ័តករអាជីវកម្មអចលនវត្ថុ កំពុងតាមដាន និងសម្របសម្រួលដោះស្រាយបញ្ហាវិវាទរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនបុរីពិភពថ្មី ដែលមានការខ្វែងគំនិតគ្នាលើលក្ខខណ្ឌមួយចំនួននៃកិច្ចសន្យាទិញលក់រវាងភាគីទាំងពីរ។ បើតាមថ្នាក់ដឹកនាំរូបនេះ ទាំងនិយ័តករអាជីវកម្មអចលនវត្ថុ និងសាលារាជធានីភ្នំពេញ គ្រាន់តែជាអ្នកជួយសប្របសម្រួលក្នុងការដោះស្រាយបញ្ហា ហើយពុំមានសិទ្ធិសម្រេចឱ្យភាគីនេះ ឬភាគីនោះឈ្នះ ឬចាញ់នោះទេ ពោលគឺការសម្រេចយ៉ាងណា គឺអាស្រ័យលើភាគីវិវាទទាំងពីរ។ ក្រោយផ្ទុះការតវ៉ានៅប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចទទួលទិញផ្ទះពីអតិថិជនត្រឡប់មកវិញក្នុងតម្លៃ៥០% នៃតម្លៃផ្ទះដែលបានព្រមព្រៀងគ្នាកន្លងមក។ ប៉ុន្តែក្រុមហ៊ុនមិនទទួលទិញផ្ទះពីបុគ្គលណាដែលមានផ្ទះចាប់ពី២ល្វែងនោះទេ។

យ៉ាងណាមិញឯកឧត្តម ជូ វណ្ណៈ បានចាត់ទុកករណីវិវាទរវាងអតិថិជនជាមួយក្រុមហ៊ុនបុរីពិភពថ្មី គឺជាបទពិសោធន៍ និងជាធាតុចូលមួយសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការពិចារណារៀបចំឱ្យមានការកំណត់ជាគោលនយោបាយនាពេលខាងមុខ ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងទៅថ្ងៃអនាគត។

ជុំវិញបញ្ហានេះ លោកស្រី អាន សុសុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex យល់ឃើញថា ការបង្ការបញ្ហារវាងអ្នកទិញផ្ទះ និងអ្នកលក់ផ្ទះ គឺអាស្រ័យទៅលើកត្តាផ្លូវច្បាប់។ សម្រាប់អ្នកជំនាញរូបនេះ ការទិញលក់បែបណាក៏ដោយ ត្រូវតែមានកិច្ចសន្យាច្បាស់លាស់ ដើម្បីទុកការពារខ្លួន ប៉ុន្តែទន្ទឹមគ្នានេះកិច្ចសន្យាទៀតសោត គឺត្រូវតែមានអព្យាក្រឹតភាព និងមិនលម្អៀងទៅភាគីណាមួយនោះទេ។

គួរកត់សម្គាល់ថា បច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិកូវីដ-១៩ មិនទាន់មានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់នោះទេ បើទោះវិបត្តិកូវីដ-១៩ មានភាពធូរស្បើយឡើងវិញក៏ដោយ។ ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាហាក់បន្តស្ងប់ស្ងាត់ តែតម្លៃអចលនទ្រព្យមិនមានការប្រែប្រួលខ្លាំងនោះទេ។ ការធ្លាក់ចុះចរន្តទិញលក់អចលនទ្រព្យនៅកម្ពុជា ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ វាយតម្លៃថា គឺបណ្តាលមកពីបញ្ហាសង្គ្រាម ភាពតានតឹងភូមិសាស្ត្រ​នយោបាយសកល ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនជាដើម៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្ករសកម្ពុជា ចំនួន ៣.៥០០ តោន បានដឹកទៅដល់ឥណ្ឌូនេស៊ីជើងដំបូង

ព័ត៌មាន
នៅទីបំផុតអង្ករកម្ពុជាជើងដំបូងបាននាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាផ្លូវការហើយ ក្រោយមានកិច្ចចរចាបើកទីផ្សារកាលពីអំឡុងខែសីហា ឆ្នាំ២០២៣។ បើតា…

យុវជនរៀនមិនអស់លុយ បានទាំងជំនាញ បានទាំងប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាល

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងប្រកាសជាផ្លូវការនូវគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនចំនួន១លាន៥សែននាក់ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ