រាជរដ្ឋាភិបាលជំរុញឱ្យបង្កើនការត្រួតពិនិត្យ

រាជរដ្ឋាភិបាលជំរុញឱ្យបង្កើនការត្រួតពិនិត្យរកសារធាតុគីមីលើការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់ពីក្រៅប្រទេស


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យរកសារធាតុគីមីលើបន្ថែ ផ្លែឈើ និងត្រីសាច់ ដែលនាំចូលពីក្រៅប្រទេស ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកនៅកម្ពុជា។ ការជំរុញបែបនេះធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០»នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការជំរុញនេះ ហើយកន្លងមកការត្រួតពិនិត្យរកសារធាតុគីមីលើចំណីអាហារនាំចូលរបស់កម្ពុជាមានប្រសិទ្ធភាពក្នុងកម្រិ
រាជរដ្ឋាភិបាលជំរុញឱ្យបង្កើនការត្រួតពិនិត្យ
ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការត្រួតពិនិត្យឱ្យបានតឹងរ៉ឹង និងហ្មត់ចត់ទៅលើការនាំចូលបន្ថែ ផ្លែឈើ និងត្រីសាច់ និងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារអាហាររូបត្ថម្ភ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នាក្នុងការអប់រំណែនាំដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀនអំពីហានិភ័យ និងវិធីបង្ការ និងចៀសវាងក្នុងការបរិភោគ ឬធ្វើសកម្មភាពណាមួយដែលនាំឱ្យកើតជំងឺមហារីកផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលលើបញ្ហាខាងលើនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដ្បិតវាជួយក្រើនរំលឹកដល់ស្ថាប័នពាក់ព័ន្ធក្នុងការពង្រឹងការអនុវត្តរបស់ខ្លួនឱ្យបានកាន់តែតឹងរ៉ឹង និងល្អប្រសើរជាងមុន ព្រោះការអនុវត្តនាពេលកន្លងមកហាក់នៅមានកម្រិតនៅឡើយ និងបានធ្វើឱ្យពលរដ្ឋមួយចំនួននៅតែជួបបញ្ហាសុខភាព ដោយសារការបរិភោគអាហារដែលមានផ្ទុកសារធាតុគីមី ដោយសារគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។

ស្រដៀងគ្នានេះដែរលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យលើគុណភាព និងសុវត្ថិភាពចំណីអាហារនាំចូលឱ្យបានតឹងរឹងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាកិច្ចការបន្ទាន់ និងចាំបាច់ណាស់ ដ្បិតថាបញ្ហានេះបានក្លាយជាក្តីកង្វល់ដ៏ធំមួយរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ដោយសារការអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅឡើយលើបញ្ហានេះ។ សម្រាប់អ្នកជំនាញរូបនេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវតែធានាឱ្យបាននូវការអនុវត្តលើបញ្ហានេះ ពោលគឺរាល់ទំនិញ និងចំណីអាហារនានាដែលដាក់លក់នៅលើទីផ្សារកម្ពុជាត្រូវតែធានាឱ្យបាននូវស្តង់ដារសុវត្ថិភាពក្នុងការបរិភោគ។

ដោយឡែក ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលបង្កឱ្យកើតជំងឺមហារីកនៅកម្ពុជា គឺកើតចេញពីការទទួលទានអាហារូបត្ថម្ភ បន្លែ ត្រី សាច់ ឬអាហារផ្សេងៗ ដែលមានសារធាតុមិនល្អ។ បើតាមរដ្ឋមន្ត្រីរូបនេះ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ១ម៉ឺន៤ពាន់នាក់បានស្លាប់ដោយសារជំងឺមហារីកនៅកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការចាត់វិធានការទប់ស្កាត់ជំងឺមហារីក៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ប្រហុកសៀមរាប ដែលមានប្រភពដើមពីសម័យអាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំក្នុងស្រុកប្រកបដោយឱជារសត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជាម៉ាកសម្គាល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ