ការនាំចេញ​ផលិតផល​កសិកម្ម

កម្ពុជាអាចនឹងនាំចេញស្វាយទៅចិន ៥០ម៉ឺនតោនរៀងរាល់ឆ្នាំ បន្ទាប់ពីការចុះពិធីសារបើកផ្លូវនៅថ្ងៃស្អែកនេះ!


ទីផ្សារផ្លែស្វាយ ដែលធ្លាប់តែត្រូវបានរអ៊ូររទាំថា គ្មានទីផ្សារនោះ អាចនឹងមានសង្ឃឹមឡើងវិញ ក្រោយពីតំណាងរដ្ឋាភិបាលប្រទេសទាំងពីរ គឺចិន និងកម្ពុជា ចុះហត្ថលេខាលើពីធីសារនាំចេញផ្លែស្វាយពីកម្ពុជា ទៅចិន នៅថ្ងៃទី ៩ ខែមិថុនា ស្អែកនេះ។ តួយ៉ាង បើតាមការអះអាងរបស់ភាគីចិន យ៉ាងហោចណាស់ កម្ពុជា អាចនឹងនាំចេញផ្លែស្វាយទៅកាន់ទីផ្សារចិន ៥០ម៉ឺនតោនជារៀងរាល់ឆ្នាំ ក្រោយពីមានការបើកភ្លើងខៀវ នៃការចុះហត្ថលេខាលើពិធីសារនេះ។
រូបភាព៖ ហ្វេសប៊ុក​សមាគមស្វាយ​កំពង់ស្ពឺ
ដោយ

បើមិនគ្មាន​​អ្វី​ប្រែប្រួលទេនោះ ​ក្រសួងកសិកម្មកម្ពុជា និងតំណាង​ភាគីចិន នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​នាំចេញ​ផ្លែស្វាយ​ពីកម្ពុជា​ទៅចិននៅថ្ងៃ ទី ៩ ខែ​មិថុនានេះ នៅទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។

បើតាម​ស្ថានទូតចិន​ប្រចាំកម្ពុជា បាន​អះអាងនៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួនថា ផ្លែស្វាយ​កម្ពុជា នឹងក្លាយជា​ផលិតផល​ផ្លែឈើស្រស់​មួយមុខទៀត ដែល​នឹងត្រូវបាន​នាំចេញ​ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែចេក ដែលត្រូវបាន​អនុញ្ញាត​ឲ្យនាំចេញទៅចិន​នាពេលកន្លងទៅ។ តាមការ​គូសបញ្ជាក់​របស់​ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈ​ការចុះពិធីសារនៅថ្ងៃស្អែកនេះ កម្ពុជា​នឹងអាច​នាំចេញ​ផ្លែស្វាយ​​គុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់​ទីផ្សារ​ចិន​ជារៀងរាល់ឆ្នាំ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ឯកឧត្តម វេង សាខុន ​បាន​ឲ្យដឹងថា ការចុះពិធីសារ​នៅថ្ងៃស្អែកនេះ គឺជាការ​បើ​នូវ​រនាំង​ថ្មីមួយទៀត ដែលអាច​ឲ្យ​កម្ពុជា​នាំចេញ​ស្វាយ​ទៅកាន់ប្រទេសចិន ពេលលណាក៏បាន ក្រោយពីចុះហត្ថលេខានេះរួចភ្លាម។

ទោះយ៉ាងណា ឯកឧត្តម គូសបញ្ជាក់ថា បើទោះបីជា​មានការបើករនាំងនេះ​ក៏ពិតមែន តែកម្ពុជានៅតែមាន​បញ្ហាប្រឈមច្រើន​ជាមួយនឹង​ក្រុមហ៊ុនឯកជនដែលជា​អ្នកនាំចេញ​ គឺត្រូវតែមានការរៀបចំឲ្យមានម៉ាស៊ីនសម្អាត​មេរោគជាមុន  ខណៈបច្ចុប្បន្ន​យើងទើបតែ​ឃើញមាន​ក្រុមហ៊ុន Hyundia តែមួយទេ ដែលអាចរៀបចំ​ខ្លួនមានស្តង់ដា​អាចនាំចេញ​ស្វាយ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង​​នាពេល​ថ្មីៗនេះ។

ឯកឧត្តម វេង សាខុន បង្ហើបឲ្យដឹងទៀតថា​ ក្រៅពីផ្លែ​ស្វាយ កម្ពុជាក៏នឹង​បន្តការចរចា​ជាមួយចិនបន្ថែមទៀ ដើម្បីអាច​នាំចេញ តាង៉ែន ឬហៅថា​មៀនប៉ែលិន ផ្លែស្រការនាគ និងទឹកមាត់​ត្រចៀកកាំ ទៅកាន់ប្រទេសចិន​ដោយផ្ទាល់ផងដែរ។ បច្ចុប្បន្ន​ ផលិតផលកសិកម្ម​របស់កម្ពុជាដែល​​ ត្រូវបាន​ភាគីចិន​អនុញ្ញាតឲ្យនាំចូល​ដោយផ្ទាល់រួមមាន​ដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។

របាយការណ៍​ក្រសួងកសិកម្មកម្ពុជា បាន​ឲ្យដឹងថា រយៈពេល​៥ខែដំបូងឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែ​ស្វាយស្រស់ សរុបបានក្នុងបរិមាណ ជាង៤ម៉ឺន តោន កើនឡើងជាង ១ម៉ឺនតោន ស្មើនឹង ជិត៦០ភាគ​នៃផែនការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិសេស! ទិញវីឡាទោល​បែប​ភូមិគ្រឹះរបស់ បុរី ប៉េង ហួត ជាមួយនឹងឱកាស​​ចំណេញ​រហូត​ដល់ $220,696 ភ្លាមៗ

ព័ត៌មាន
បច្ចុប្បន្ននេះបរិបថនៃការរស់នៅ កំពុងតែមានទំនោរផ្លាស់ប្តូរឈានទៅរកជីវិតបែបទំនើបស៊ីវិល័យ។ ស្របពេលជាមួយគ្នានេះដែរ ការអភិវឌ្ឍអចលនទ្រព្យ បែបវ…

រដ្ឋថៃ​គ្រោងនឹងផ្ដល់ឲ្យជិត ១០០ ដុល្លារ សម្រាប់ពលរដ្ឋណាចេញធ្វើដំណើរកម្សាន្ដឆ្លងខេត្ត

ព័ត៌មាន
ដើម្បីសង្គ្រោះវិស័យទេសចរណ៍ឲ្យមានដង្ហើមដកឡើងវិញ រាជរដ្ឋាភិបាលថៃ កំពុងត្រៀមផែនការដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុក ដែលចលនានេះ រំពឹងថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ