ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បានអះអាងថា ខ្សែចង្វាក់ ផលិតកម្មដំណាំកៅស៊ូឆ្នាំនេះ ហាក់ជួបបញ្ហាប្រឈមបន្តិចបន្ទួច រីឯតម្លៃនៃការនាំចេញវិញ ក៏ថយចុះជាងឆ្នាំមុនបន្តិចដែរ។ បើតាមមន្រ្តីជាន់ខ្ពស់ដដែល តម្លៃកៅស៊ូ ឆ្នាំនេះមានតម្លៃជាមធ្យម ១ ៥៨៣ដុល្លារ ក្នុងមួយតោន ខណៈតម្លៃកៅស៊ូ នៅឆ្នាំមុន មានតម្លៃ ១ ៥៨១ដុល្លារ ក្នុងមួយតោន។
ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា តាមរយៈការចុះអង្កេតផ្ទាល់របស់អគ្គនាយកដ្ឋានកៅស៊ូ ដំណាំកៅស៊ូរបស់កសិករ នៅខេត្តកោះកុង ក្នុងឆ្នាំនេះ កំពុងជួបបញ្ហាជំងឺជ្រុះស្លឹក។ ក៏ប៉ុន្តែ យ៉ាងណាជំងឺនេះ មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយលើដំណាំកៅស៊ូ ហើយក៏មិនបានជះឥទ្ធិពលដល់ការប្រមូលផលផលិតផលកៅស៊ូនោះដែរ។ មន្រ្តីជាន់កសិកម្មរូបនេះ បន្តទៀតថា ដោយឡែក ចំពោះទីផ្សារកៅស៊ូវិញ តាមការព្យាករណ៏ របស់ទីផ្សារផលិតផលកៅស៊ូ នៅឆ្នាំ២០២២ អាចមានភាពប្រសើរ ដោយសារតែតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។
បន្ថែមលើនេះ ឯកឧត្តម ហ៊ឹម អូន នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះវិស័យកៅស៊ូ ថានឹងអាចរក្សានូវកំណើនវិជ្ជមាន ខណៈកន្លងមក ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា បាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងសហគមអឺរ៉ុប។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រយៈពេល២ខែ ដំបូងនៅឆ្នាំ២០២២ កម្ពុជា បាននាំចេញកៅស៊ូ ក្នុងបរិមាណជាង៣ម៉ឺនតោន ខណៈតម្លៃលក់ជ័រកៅស៊ូ ជាមធ្យម ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ថ្លៃ ១,៥៨៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ២ដុល្លារ ក្នុងមួយតោន ស្មើនឹង០,១% ធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំមុន។ ដោយឡែក ការនាំចេញឈើកៅស៊ូ សម្រេចបាន ៤៨៦ម៉ែត្រគីប និងតម្លៃលក់ឈើកៅស៊ូ ជាមធ្យម ក្នុងខែកុម្ភៈ មានតម្លៃជាង ២៧៨ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានផ្ទៃដីកៅស៊ូ សរុបជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មមានជាង៤ម៉ឺនហិកតា,ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ច មានជាង១៩ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៦ម៉ឺនហិកតា។ ដោយឡែក ផ្ទៃកដីចៀរកៅស៊ូ មានប្រមាណ ៣១ម៉ឺនហិកតា និងផ្ទៃដីថែទាំ មានជាង ៩ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាណនិងនេសាទ៕