ពិធីបុណ្យសែនព្រះខែ គឺធ្វើឡើងដើម្បី អបអរនូវរដូវប្រមូលផលពេញនិយមមួយ ហើយភាគច្រើនពិធីបុណ្យនេះ គឺមានការធ្វើឡើងដោយជនជាតិ ចិន, ចិន-តៃវ៉ាន់, និងប្រជាជនវៀតណាមជាដើម។ នៅកម្ពុជា ពិធីបុណ្យនេះ ក៏មានការរៀបចំធ្វើឡើង ដោយប្រជាជនខ្មែរ ដែលមានជាប់សែស្រឡាយចិនផងដែរ។ ក្នុងនោះ គេសង្កេតឃើញថាក្នុងឱកាសពិធីបុណ្យនេះ នំសែនព្រះខែ គឺជាគ្រឿងសំណែនដ៏សំខាន់មួយ។ ក៏ប៉ុន្ដែ នៅឆ្នាំនេះ ការលក់នំសែនព្រះខែ ហាក់មិនសូវកាប់កបដូចឆ្នាំមុនៗនោះឡើយ។
លោកស្រី សោភា ដែលជាអាជីវករលក់នំសែនព្រះខែ និងដូចជានំផ្សេងៗនៅផ្សារអូឡាំពិក បានរៀបរាប់ប្រាប់ក្រុមការងារខេមបូណូមីសថា សម្រាប់ថ្ងៃសែនព្រះខែឆ្នាំនេះ ការលក់របស់គាត់មិនសូវដាច់ដូចមុនទេ ព្រោះថាមិនសូវមានភ្ញៀវមកដើរផ្សារច្រើន ដោយបានធ្វើឲ្យប្រាក់ចំណូលរបស់គាត់មានការធ្លាក់ចុះខាំ្លង ហើយប្រាក់ចំណេញទៀតសោតក៏ទទួលបានតិចតួចទៅតាមនោះដែរ។
លោកស្រី ហ៊ុន សៀ ដែលជាអាជីវករដូចគ្នានេះ ក៏បានលើឡើងមិនខុសពីការអាជីវករផ្សេងទៀតនោះដែរ ដោយការលក់របស់លោក នៅឆ្នាំនេះមានការធ្លាក់ចុះជាង៥០%ឯណោះ ព្រោះថា នៅពេលនេះដោយសារតែកូវីដ១៩ រីករាលដាលខ្លាំងទើបធ្វើឲ្យ មនុស្សម្នាមិនសូវដើរទិញទំនិញច្រើនដូចមុន។ ដ្បិតថា ការលក់នៅផ្សារមិនសូវមានអ្នកទិញច្រើនក៏ពិតមែន ប៉ុន្ដែ អាជីវកររូបបានគូសបញ្ជាក់ថា គាត់ក៏បានលក់នំសែនព្រះខែនេះ នៅតាមប្រព័ន្ធអនឡាញខ្លះដែរ ដើម្បីគួបផ្សំជាមួយគ្នា ហើយវាក៏បានជួយជំរុញការលក់របស់លោកបានមួយកម្រិតដែរ។
អាជីវករផ្សារអូឡាំពិក ម្នាក់ទៀត លោកស្រី ដានី ក៏បានត្អូញត្អែរពីការលក់មិនសូវដាច់ប៉ុន្មានដែរ ខណៈដែលនំទាំងអស់ ដែលលោកស្រីលក់រាល់ថ្ងៃនេះ គឺបញ្ជាទិញបន្តមកពីខេត្តកំពត នៅពេលដែលការលក់មិនសូវកាក់កបបែបនេះ ក៏បានធ្វើឲ្យប្រាក់ចំណូលមានការធ្លាក់ចុះច្រើនផងដែរ។
សូមបញ្ជាក់ថា បញ្ហាកូវីដ-១៩ នៅកម្ពុជា គិតមកទល់ពេលនេះ នៅតែមិនទាន់មានការថមថយនៅឡើយទេ ដោយចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ នៅតែមានខ្ទង់ជាង៥០០ ទៅ៦០០នាក់ក្នុងមួយថ្ងៃ។ យ៉ាងណាក៏ដោយចុះ គិតមកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋបានច្រើនហើយ ពោលគឺសម្រេចបានប្រមាណ ជាង៩៨%ហើយ នៃផែនការចាក់ជូនពលរដ្ឋ១០លាននាក់៕